ព័ត៌មានជាតិ

កម្ពុជា មានឱកាស បង្ហាញមុខមាត់ និងត្រួសត្រាយផ្លូវ ដើម្បីរក្សា សាមគ្គីភាពអាស៊ាន ពេលក្លាយជា ប្រធានអាស៊ានឆ្នាំក្រោយ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានគូសបញ្ជាក់ពីតួនាទី ដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ដោយជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាព នៃការត្រួសត្រាយផ្លូវ ដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន ។

នេះការថ្លែងរបស់លោក ក្នុងឱកាសបើកកម្មវិធី កម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022» រៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសខ្មែរ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បន្តលើកឡើងនូវបញ្ហាប្រឈម សម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយ បញ្ហាក្នុងតំបន់និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹង នៃការប្រកួតប្រជែងឥទ្ធិពល ភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាននិងកំពុង កើតឡើងនាពេលបច្ចុប្បន្ន ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញ អំពីគុណសម្បត្តិអាស៊ាន ដោយបន្សល់នូវនិម្មាបនកម្ម តំបន់សំខាន់ៗជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែង លើកកម្ពស់យន្តការនានា ដែលផ្តោតសំខាន់លើការពង្រឹង សកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋាន លើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយ ប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិន ប្រពៃណីដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀត ដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញ នូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕

To Top