ព័ត៌មានជាតិ

ករណីហិង្សា រវាងប៉ូលីសសង្ហា និងកញ្ញារូបស្រស់, ភាគីទាំង២ អាចត្រូវអនុវត្ត​ តាមច្បាប់ដូចគ្នា

ភ្នំពេញ៖ កម្រង់រូបភាព ក៏ដូចជាការបញ្ចេញទស្សនៈផ្សេងៗ ជុំវិញរឿងរ៉ាវស្រីស្រស់ និងបុរសប៉ូលីសរូបសង្ហា​ កំពុងបានក្លាយជាទីចាប់អារម្មណ៍ ពីសំណាកអ្នកលេងបណ្តាញសង្គមយក្ស ហ្វេសប៊ុកបញ្ចេញទស្សនៈជាហូរហែង និងព្រោងព្រាត នៅព្រឹកថ្ងៃ៩ កញ្ញា នេះ ។

ក្នុងនោះ អ្នកបញ្ចេញទស្សនៈ មានទាំងប្រជាពលរដ្ឋធម្មតា ប៉ូលីស អ្នកនយោបាយ អ្នកតាមដានសង្គមជាដើម។ ការបញ្ចេញយោបល់ផ្សេងគ្នានេះ ដោយអ្នកខ្លះគាំទ្រខាងស្រី្តរងគ្រោះ និងគាំទ្រប៉ូលីស។

ប៉ុន្តែចំពោះមតិគាំទ្រទាំង២នេះ ភាគច្រើនបានដាក់បន្ទុក​ ទៅលើលោកប៉ូលីសរូបសង្ហា ជាងស្រ្តីស្រស់ស្អាត។ ការដាក់បន្ទុកលើប៉ូលីសនេះ ដោយសារក្នុងនាម ជាអ្នកអនុវត្តច្បាប់ បែរជាល្មើសច្បាប់ទៅវិញ តាមរយៈការប្រើហិង្សា ដោយយកអាយកូម មកវាយលើក្បាលស្រ្តីនេះ ខណៈនាងកំពុងជិះគេចពីប៉ូលីស ដែលកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ក្នុងពេលពាក់កណ្តាលអាធ្រាត្រ នាថ្ងៃ៨ កញ្ញា ក្នុងពេលនាងជិះម៉ូតូពីក្រោយ ដោយមានបុរសវ័យក្មេង ជាអ្នកបើក គឺយ៉ាងលឿន ដើម្បីគេចពីការផាកពិន័យ ដោយពួកគេទាំង២ ពុំបានពាក់មួកសុវត្ថិភាព។

ដោយសារតែឃើញបែបនេះ ប៉ូលីសក៏បានយកអាយកូម (ID) វាយក្បាលតែម្តង ធ្វើឲ្យនាង ជាអ្នកជិះពីក្រោយបែកក្បាល ខណៈអ្នកឌុបពុំមានរបួសអ្វីឡើយ។ ការរៀបរាប់នេះ ដោយយោងតាម ការមើលឃើញជាក់ស្តែង ពីវិដេអូជិត១នាទី ថតពីសកម្មភាពប៉ូលីស និងនារីរូបស្រស់នេះ។

ស្រ្តីរងគ្រោះ ត្រូវបានគេដឹងឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ អ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ មន្រ្តីនគរបាលប្រើហិង្សាឈ្មោះ ម៉ាត់ ពិសី ។

ក្រោយកើតហេតុ នៅត្រង់ចំណុចបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង៧យប់ថ្ងៃ៨ កញ្ញា រួចមក លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យតាមឃាត់ខ្លួនប៉ូលីស ជាអ្នកបង្កហេតុភ្លាមៗ។ បន្ទាប់ពីបញ្ជានៅព្រឹកថ្ងៃ៩ កញ្ញានេះ មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីនោះ ក៏ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

ផ្ទាំងពាណិជ្ជកម្ម

ស្នងការរាជធានីភ្នំពេញបន្តថា “ក្នុងករណីស្រាវជ្រាវហើយ ឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្ត តាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។ ដោយឡែក ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្ត តាមច្បាប់ផងដែរ”។

សម្រាប់ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ចេញទស្សនៈថា “ស្រ្តីរូបនេះត្រូវរងការពិន័យ ទៅតាមច្បាប់ចរាចរណ៍។ ប៉ុន្តែមន្ត្រីនគរបាល ដែលប្រើហិង្សា ក៏ពុំអាចរួចខ្លួន ដោយការចរចាសម្រុះសម្រួល ជាមួយស្ត្រីរងគ្រោះបានឡើយ។ ដាច់ខាតមន្ត្រីនគរបាលរូបនេះ ត្រូវទទួលពិន័យរដ្ឋបាល និងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ក្រោមបទប្រើប្រាស់ អំពើហិង្សាបង្ករបួសស្នាម ដល់អ្នកដទៃ ដើម្បីជា ការព្រមាន កុំឲ្យធ្វើបែបនេះតទៅទៀត និងជាគំរូ កុំឲ្យមន្ត្រីនគរបាលផ្សេងទៀត ធ្វើតាមផងដែរ”។

ចំពោះលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងដែរថា នគរបាលចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍ ចំពោះអ្នកបើកបរល្មើស ដូចជាមិនពាក់មួកសុវត្ថិភាព ក្នុងបំណងពង្រឹងការអនុវត្ត និងគោរពច្បាប់ ជាពិសេសការពារគ្រោះថ្នាក់ ទៅលើក្បាល។ ចុះបើសិននគរបាលប្រើប្រាស់របស់រឹងវៃ ទៅលើក្បាលបណ្តាលឲ្យបែកក្បាលវិញ តើនេះជាការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ជាពិសេសដួលបោកក្បាលទេ? ទង្វើនេះផ្ទុយពីការអនុវត្តច្បាប់ ។

លោកបន្ថែមថា “ដូច្នេះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ត្រូវយកច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមកអនុវត្ត ប៉ុន្តែនគរបាលប្រើប្រាស់ហិង្សា ត្រូវប្រឈមនឹងក្រមព្រហ្មទណ្ឌ ព្រោះខ្លួនជាមន្រ្តីអនុវត្តច្បាប់ ដែលដឹងនិងយល់ពីច្បាប់ ប្រព្រឹត្តផ្ទុយច្បាប់ ដោយប្រើប្រាស់ហិង្សា ដោយមានមធ្យោបាយ” ។

ចំណែកលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបញ្ចេញការវិភាគផ្ទាល់ខ្លួនថា “រដ្ឋាភិបាល នឹងប្រកាសធ្វើអ្វីមួយ ចំពោះមន្រ្តីនោះ”៕

To Top