ព័ត៌មានជាតិ

កូរ៉េ នឹងបង្កើនចំនួនកូតាពលករខ្មែរ និងអាហារូបករណ៍ដល់កម្ពុជា

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានសន្យាថា នឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ កញ្ញានេះ ដែលបានដកស្រងសំដីលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសកូរ៉េ ក្នុងឱកាស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ពីថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០២១ ។

បច្ចុប្បន្ន ទាំងប្រជាពលរដ្ឋ និងពលករខ្មែរទៅធ្វើការ និងរស់នៅកូរ៉េខាងត្បូង មានប្រមាណជា ៦ម៉ឺននាក់ ក្នុងនោះភាគច្រើនគឺជាពលករ ។

សម្រាប់អំឡុងពេលទស្សនកិច្ចរបស់លោកប្រាក់ សុខុននៅកូរ៉េនេះ រដ្ឋមន្រ្តីទាំងពីរបានជួបពិភាក្សាទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១១ ។

ក្នុងកិច្ចប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី៨ កញ្ញា រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្រ្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការងារ សុខាភិបាល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យាសាស្រ្តនិងនវានុវត្តន៍ ទេសចរណ៍ ការអប់រំ និងបរិស្ថាន។

រដ្ឋមន្រ្តីទាំងពីរ ក៏មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩ ។

រដ្ឋមន្ត្រីការបរទេសកូរ៉េ ក៏បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹងរបស់សាធារណរដ្ឋកូរ៉េ ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅខែ វិច្ឆិកា ឆ្នាំ ២០២១ និងការទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ ៕

To Top