ព័ត៌មានជាតិ

នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ទទួលបានការ វាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោក​ ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។

ការថ្លែងឡើងពីសំណាក់ លោកអគ្គនាយករង ស្ថិតក្នុងឱកាសដែលលោក​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍ លទ្ធផលការងារសម្រេចបាន ប្រចាំខែរបស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ដែលបានប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតនៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

លោកបានបន្តថា បើយោងតាមរបាយការណ៍កន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានពុះពាររាល់ការលំបាក​ ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបាន លទ្ធផលល្អគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹង គោលនយោបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត នៃកម្ពុជា។

ក្រៅពីនេះ នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក៏បានធ្វើកិច្ចសហការ បានយ៉ាងល្អ ជាមួយអង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិ ពាក់ព័ន្ធទៅនឹង វិស័យសន្តិសុខសង្គម។

នាយកដ្ឋានមួយនេះ ក៏មានតួនាទីដ៏សំខាន់ ក្នុងការឆ្លើយតបទាន់ពេលវេលា ទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការទទួលបាន អត្ថប្រយោជន៍ របបសន្តិសុខសង្គម ក៏ដូចជាការផលិតជាវីដេអូ បទយកការណ៍ វីដេអូអប់រំផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គម ដែលកន្លងមកទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង ពីថ្នាក់ដឹកនាំ រួមទាំងសមាជិក ប.ស.ស. ក៏ដូចជាអង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិ ជាច្រើនទៀតផងដែរ។

បើទោះបីកន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានមួយនេះ បានខិតខំបំពេញការងារ ស្តែងចេញនូវលទ្ធផលដូច្នេះក៏ដោយ លោកអគ្គនាយករង នៅតែលើកទឹកចិត្ត និងបានពាំនាំនូវអនុសាសន៍ លោកប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដោយសង្កត់ធ្ងន់ថា៖ ក្នុងនាមជាអ្នកបម្រើសេវា ជូនសមាជិក មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ឱ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

To Top