ភ្នំពេញ៖ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងថា រហូតមកដល់ម៉ោង ប្រមាណជា២និង៣០នាទីរ សៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទាំងភាគីប៉ូលីសបង្កហិង្សា និងខាងភាគីនារីរងគ្រោះ បាននិងកំពុងនៅទប់មុខគ្នា ដើម្បីបន្តដោះស្រាយ នៅអធិការខណ្ឌ៧មករា ។

លោក សាន សុខសីហា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា “ម៉ោងនេះ គឺសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌ៧មករា ក៏ដូចជាក្រុមការងារចាត់តាំង ពីស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបន្តធ្វើកិច្ចការងារនេះ ។ ភាគីខាងក្រុមគ្រួសាររងគ្រោះ ក៏បានទៅដល់អធិការ ហើយភាគីខាងមន្រ្តី ក៏នៅទីនោះដែរ”។

សូមបញ្ជាក់ថា កាលពីម៉ោង៧យប់ថ្ងៃ៨ កញ្ញា នៅតាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារប៉ូលីសបានយកអាយកូម (ID) វាយក្បាលលើស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយបើកយ៉ាងលឿន ដើម្បីគេចពីការផាកពិន័យ របស់ក្រុមសមត្ថកិច្ចចម្រុះ ដាក់គោលដៅត្រួតពិនិត្យ អ្នកល្មើសច្បាប់ ។
ស្រ្តីរងគ្រោះ ត្រូវបានគេដឹងឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ អ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ និងមន្រ្តីនគរបាលប្រើហិង្សាឈ្មោះ ម៉ាត់ ពិសី ៕
