ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ ក្រោយក្រុមហ៊ុន៣ ប្រកួតគ្នាប្រមូលសំរាម ភ្នំពេញមានភាព ល្អប្រសើរជាងមុន

ភ្នំពេញ៖ ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញ ក្នុងដំណាក់កាលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យល់ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈរាជរដ្ឋាភិបាល​ បានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដឹកជញ្ជូនប្រមូលសំរាម ដោយឲ្យមានជាការលក្ខណៈ ប្រកួតប្រជែងគ្នា ។

លោក ឃួង ស្រេង បានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញថា “បញ្ហាសំរាមសំណល់រឹង ក្នុងរាជធានីពេលនេះ មានលក្ខណៈល្អប្រសើរជាងមុន ដោយមានក្រុមហ៊ុនចំនួន៣ ដើម្បីដំណើរការដឹកជញ្ជូន និងប្រមូលសំរាមចេញ ទៅចាក់នៅទីលានចាក់សំរាម” ។

លោកថា ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺក្រុមហ៊ុន Mizuda Group Co.,Ltd បើទោះបី តម្លៃប្រមូលសំរាមក្រុមហ៊ុននេះ ថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី ។

លោកបញ្ជាក់ផងដែរថា អ្វីដែលនៅខ្វះខាត មិនទាន់បានល្អនោះ គឺប្រជាពលរដ្ឋបញ្ចេញសំរាម មិនទាន់ពេលវេលា និងមិនត្រូវតាមពេលម៉ោងកំណត់ ។ តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការរឿងនេះ ឲ្យបានល្អប្រសើរ ។

ប៉ុន្តែទោះបីជាយ៉ាងណាឃួង ស្រេង ក៏ទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ មិនទាន់ល្អឥតខ្ចោះនូវឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានា នៅជាប់ភូមិផងរបងជាមួយ និងកម្ពុជា ដូចជាទីក្រុងហូជីមិញ ទីក្រុងបាងកកជាដើម ។

តែលោកថា “ការងារនេះយើង នឹងអនុវត្តឲ្យល្អបន្តិចម្ដងៗ មិនឲ្យចាញ់ទីក្រុងរបស់គេឡើយ យើងនឹងធ្វើការងារនេះព្រមព្រមគ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ”។

ជាមួយគ្នានោះផងដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការងារ គ្រប់គ្រងសំណល់បរិស្ថាននិងអនាម័យ ដោយបានសំណូមពរ និងស្នើសុំឲ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារ ការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរដាក់លេខទូរសព្ទ ដើម្បីសហការផ្ដល់ព័ត៌មាន បានលឿនពីបណ្ដាលមូលដ្ឋាន ដែលមានការកកស្ទះសំរាម៕

To Top