ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ឲ្យពលរដ្ឋ យកសំណល់ថ្មពិល ទុកក្នុងធុងឲ្យត្រឹមត្រូវ ព្រោះអាចប៉ះពាល់សុខភាព

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិល មកទុកក្នុងធុង រៀបចំដោយក្រសួង ឲ្យត្រឹមត្រូវ ព្រោះ សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដល់មនុស្ស ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា «សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសារសំណល់នេះ មានផ្ទុកសារធាតុគ្រោះថ្នាក់ ពពួកលោហះធ្ងន់ មានជាអាទិ៍ បារ៉ត សំណ កាត់ម៉្ញូម ស័ង្កសី និងនីកែល ។ សារធាតុគ្រោះថ្នាក់ ដែលមានផ្ទុកនៅក្នុងសំណល់ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់សំណល់នេះ មិនបានត្រឹមត្រូវ» ។

ក្រសួងបានបន្ដថា ដើម្បីទប់ស្កាត់ការសាយភាយ សារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិល ចូលទៅក្នុងបរិស្ថាន និងដើម្បីការពារសុខភាព មនុស្ស ត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុក ក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់នៅតាមបុរី ស្ថានីយប្រេងឥន្ទនៈ និងផ្សារទំនើប។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន នឹងបន្តពង្រីកវិសាលភាព នៃការដាក់ធុងថ្មពិលនេះ តាមទីតាំងសំខាន់ៗបន្ថែមទៀត នៅតាមបណ្តាខេត្តទូទាំងប្រទេស។

ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួម និងជួយផ្សព្វផ្សាយ អំពីគម្រោងប្រមូល សំណល់ថ្មពិលនេះ ដើម្បីបរិស្ថាន គ្មានសំណល់ថ្មពិល ៕

To Top