ព័ត៌មានជាតិ

លោក ដួង តារា ៖ ត្រូវបញ្ឈប់ ធ្វើរបាយការណ៍ភូតកុហក សម្តេចតេជោ ករណីជំលោះវិវាទដីធ្លី

ភ្នំពេញ ៖ ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ឌួង តារាដែលតែងតែមានសកម្មភាព ចុះសម្រប សម្រួល ក៏ដូចជាផ្តល់ដំណោះស្រាយ ជំលោះដីធ្លីស្ទើរតែគ្រប់ខេត្តនោះ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេចតេជោ ។

តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ៨ កញ្ញា លោកបានថ្លែងថា “យើងត្រូវរួមគ្នាបញ្ឈប់ធ្វើ របាយការណ៍ភូតកុហក សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង” ។

ការលើកឡើង របស់លោកនេះ ក្រោយពីលោកបានទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនគូភាគីវិវាទ ដែលត្រូវជាម្តាយ-កូន នៅខេត្តបន្ទាយមានជ័យ ជាមួយលោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្ត។

លោកថា ករណីវិវាទដីធ្លីនេះ លោកបានសម្របសម្រួល ជាមួយម្តាយបង្កើត និងកូនស្រីរស់នៅបារាំងអស់ រយៈពេលជាច្រើនខែកន្លងមក ហើយទើបចុងក្រោយភាគី ខាងម្តាយបាន យល់ព្រមផ្ទេរកម្មសិទ្ធិដី២កន្លែង មកឲ្យកូនស្រីបង្កើតវិញ ដោយបានទទួលស្គាល់ថា ដីទាំង២កន្លែងនោះ គឺកូនស្រីពិតជាបានផ្ញើប្រាក់ ឲ្យម្តាយជួយទិញដីឲ្យមែន ព្រោះមិនទាន់អាចចុះមកដោយខ្លួនឯងបាន ៕

To Top