ព័ត៌មានជាតិ

លោក គុណ ញឹម ៖ ឱកាសល្អ​ហើយ ម្ចាស់​យានយន្ត​អត់ពន្ធ មកបង់ពន្ធ ជូនរដ្ឋ ចុះបាន១០​ភាគរយ

ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានថ្លែងថា វេលានេះ ជាឱកាសល្អមួយ សម្រាប់ម្ចាស់យានយន្ត​ទាំងឡាយ ដែលអត់ទាន់បង់ពន្ធនាំចូល សូមអញ្ជើញមកបង់ពន្ធឱ្យបានទាន់វេលា ជាពិសេសទទួល​បានចុះតម្លៃ១០ភាគរយ នៃប្រាក់ពន្ធសរុប​ដែលត្រូវបង់ជូនរដ្ឋ។

តាមរយៈសន្និសីទសារព័ត៌មាន អនឡាញ (online) លោក គុណ ញឹម បានបង្ហាញនូវក្តី សង្ឃឹមនឹងជឿ​ជាក់ថា ម្ចាស់យានយន្តដែលមិនទាន់បង់ទាន់​បង់ពន្ធ​ អាករគយនិងរដ្ឋករ ក៏ល្មមដល់ពេល​បំពេញកាតព្វកិច្ចរបស់ខ្លួន ជាពលរដ្ឋល្អហើយ ក្នុងគ្រាមួយដែលរដ្ឋ ត្រូវការចំណូលបន្ថែម អំឡុងពេលកូវីដ១៩ កំពុងបន្តអូសបន្លាយ។

លោក គុណ ញឹម បានលើកឡើងថា “យើងមានកាតព្វកិច្ច ក្នុងការរកចំណូលជូនរដ្ឋ។ ដូចបានជ្រាបហើយថា រាជរដ្ឋាភិបាល បានបញ្ចេញសាច់ប្រាក់ច្រើនណាស់ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ទាំងកម្មកររោងចក្រ ។ល។ល។”​ “ចំណាយច្រើន ចំណូលទាប មិនមែនជារឿងល្អឡើយ ដូច្នោះហើយ យើងត្រូវខិតខំបំពេញភារកិច្ចប្រមូលពន្ធជូនរដ្ឋ”។

រដ្ឋមន្រ្តីអមប្រតិភូ​ ក៏បានរំលេចឡើងវិញផងដែរថា ក្នុងអំឡុងពេលការរីករាលដាលជំងឺ​កូវីដ១៩នេះ គឺមានករណីរត់ពន្ធ​យានយន្ត ប្រមាណពី៨ ទៅ១០គ្រឿង ក្នុង១ថ្ងៃ ដែលធ្វើឱ្យរដ្ឋបាត់ចំណូលយ៉ាងខ្លាំង ដែលកាលពីមុន មានត្រឹមតែពី ១ទៅ៣គ្រឿង​តែប៉ុណ្ណោះ។

ពន្ធនាំចូលលើយានយន្ត បានគ្រប់ដណ្តប់ប្រមាណ ៥៣ភាគរយ នៃចំណូលពន្ធ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករ។ នេះបើតាមការបញ្ជាក់របស់លោក គន់ ញឹម។

យ៉ាងណាក៏ដោយ លោក សង្ឃឹមនឹងជឿជាក់ថា វិធានការថ្មីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករនេះ នឹងគៀងគរចំណូលបន្ថែមជូនរដ្ឋ និងធានាបាននូវការប្រកួតប្រជែង​ដោយស្មើភាពគ្នា ផងដែរ។

ដោយៈ សយ សុភា

To Top