ព័ត៌មានជាតិ

លោក កៅ ថាច៖ ការធ្លាក់ចុះតម្លៃស្រូវ ត្រូវបានដោះស្រាយ ទាន់ពេលវេលា ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សី ក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈ យោគយល់គ្នាស្តីពី ភាពជាដៃគូរលើការ ផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ លោក កៅ ថាច បានលើកឡើងថា ការធ្លាក់ចុះតំលៃស្រូវ កាលពីឆ្នាំ២០១៦ ប៉ុន្តែដោយមានអន្តរាគមន៍ បន្ទាន់របស់រាជរដ្ឋាភិបាល បញ្ហាតំលៃស្រូវ ត្រូវបានដោះស្រាយទាន់ពេលវេលា ។

តបតាមការអញ្ជើញរបស់ លោក ជួរ ផេង ប្រធានក្រុមហ៊ុន ដេលីហ្វ្រសហ៊្វូដ នៅវេលាព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សីផងដែរ ក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈ យោគយល់គ្នាស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ និងបានសំដែង នូវសេចក្តីត្រេកអរ និងអបអរសាទរ ជូនលោក ជួរ ផេង និងភាគហ៊ុននិកទាំងអស់ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ នូវរោងម៉ាស៊ីនកិនស្រូវ ដ៏ថ្មីស្រឡាងនេះ ហើយចំពោះសមិទ្ធិផល ដែលបានចាប់បដិសិន្និឡើង ចេញជារូបរាងនៅថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីការគិតគូរ និងការខិតខំប្រឹងប្រែង ប្រកបដោយការ ដាក់ផែនការច្បាស់លាស់ របស់ប្រធានក្រុមហ៊ុន និងសមាជិកទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការរំលឹក និងគូសរំលេចឡើងវិញបន្តិចជុំវិញ “ការធ្លាក់ចុះតំលៃស្រូវកាលពីឆ្នាំ២០១៦ ប៉ុន្តែដោយមានអន្តរាគមន៍ បន្ទាន់របស់រាជរដ្ឋាភិបាល បញ្ហាតំលៃស្រូវត្រូវបាន ដោះស្រាយទាន់ពេលវេលា”។

ជាមួយគ្នានេះ តាមរយៈការទំលាក់ហិរញ្ញប្បទាន ជាបន្តបន្ទាប់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការផ្តល់ឥណទានជាទុនវិនិយោគ ដល់រោងម៉ាស៊ីនកិនស្រូវ ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ និងឥណទានជាទុនបង្វិល ដើម្បីទិញស្រូវដោយអត្រាការប្រាក់ទាប។ ជាក់ស្តែងតាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មី របស់ក្រុមហ៊ុន ដេលី ហ្រ្វេសហ៊្វូដ លោក កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់ និងជឿជាក់ថា រោងម៉ាស៊ីនកិនស្រូវថ្មី នេះ និងរួមចំណែកជួយបំពេញបន្ថែម និងស្រូបយកទីផ្សារស្រូវ ពី ក្នុងតំបន់ផ្ទាល់ និងនៅតំបន់ជុំវិញ នៃខេត្តកំពង់ធំទាំងមូល និងបណ្តាខេត្តក្បែរខាង ព្រមជាមួយការបង្កើតការងារថ្មីៗបន្ថែម ជូនដល់បងប្អូនកូនក្មួយ នៅក្នុងមូលដ្ឋានផងដែរ។

បន្ថែមលើនេះ តាមរយៈអនុស្សារណៈស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ លោក កៅ ថាច បានធ្វើការលើកទឹកចិត្ត ឱ្យកសិករខិតខំផលិតស្រូវ និងលក់ឱ្យរោងម៉ាស៊ីន​តាមតំលែទីផ្សារ ដែលបានព្រមព្រៀងគ្នា។ លោក ស្នើសុំឱ្យភាគីទាំងពីរ គឺភាគីរោងម៉ាស៊ីន និងសហគមន៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព នូវកិច្ចសន្យាកសិកម្ម ដោយឈរលើ គោលការណ៍ស្មោះត្រង់រវាងគ្នា។

ជាមួយគ្នានេះ លោក កៅ ថាច ក៏បានលើកឡើងផងដែរពី តួនាទី របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការជួយលើកកម្ពស់ វិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ឥណទាន ដោយអត្រាការប្រាក់ទាប់ ដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ ផលិតកម្មកសិកម្ម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រីកការដាំដុះ ផលិត កែច្នៃ និង វេចខ្ចប់ -ល-៕

To Top