នយោបាយ

សម្ដេចតេជោ ៖ បើគ្មានការ ជួយជ្រោមជ្រែង ពីមិត្តចិនទេ កម្ពុជា ប្រហែលគ្មាន ពហុកីឡដ្ឋានជាតិ មរតកតេជោ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើគ្មានការជួយជ្រោមជ្រែង ពីមិត្តដែកថែបចិននោះទេ ក៏កម្ពុជាប្រហែលគ្មាន ពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះកើតឡើង ។

ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសមិទ្ធផល នៃពហុកីឡដ្ឋានជាតិ មរតកតេជោនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា-ចិន ជាពិសេស ប្រទេសទាំង២ ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះ តែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។

សម្តេចតេជោ បន្តទៀតថា សមិទ្ធផលផល នៃពហុកីឡដ្ឋានដ៏ធំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារ តែការជឿទុកចិត្តគ្នា ទៅវិញទៅមករវាងមិត្តចិន-កម្ពុជា ជាងពិសេសក្នុងក្របខណ្ឌ ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា «ប្រសិនបើគ្មានការជួយជ្រោមជ្រែង ពីមិត្តចិននោះទេ យើងប្រហែលជាគ្មាន ពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ។ ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមរូបសម្តេច ជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នោះទេ ប៉ុន្តែជាមោទកភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិ មរតកតេជោនាពេលនេះ»។

នាឱកាសនោះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបាននូវសមិទ្ធផល នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបញ្ជាក់ថា «កីឡដ្ឋានជាតិមរតកតេជោនេះ កើតមានឡើងតាមរយៈ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលបានផ្សារភ្ជាប់ទំនាក់ទំនង ជាមួយគ្នាល្អជាបន្តបន្ទាប់»។

លោកក៏បានអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អ ជាបន្តបន្ទាប់ជាមួយចិន ៕

To Top