Covid-19

ក្រសួងសុខាភិបាល ឲ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នជំងឺកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ អ្នកឆ្លងហក់ឡើងវិញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច តាមបណ្ដាខេត្តមួយចំនួន ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា នេះ។

ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានហក់ឡើងវិញ ធ្វើឲ្យមានការព្រួយបារម្ភផងដែរ ខណៈការបើកសាលានៅភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃ១៥ កញ្ញា ខាងមុខ។ នេះបើតាមលិខិតរបស់ក្រសួង។

ក្រសួងបានបញ្ជាក់ថា «ដោយឡែកនាប៉ុន្មាន ថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច នៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះ ក្រសួងសុខាភិបាល បានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើង នៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើង មានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគ ជាដើម»។

ក្រសួងបានបន្ដថា ដើម្បីធានាបានការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាម បែបគន្លងប្រក្រតីភាពថ្មី ក្រសួងអំពាវនាវដល់ ពលរដ្ឋទាំងអស់កុំមានអារម្មណ៍ ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុង ទៅលើវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្ដអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល បន្ថែមទៀត ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៩,៥០៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៩៣,៩០៤នាក់ និងអ្នកស្លាប់ ចំនួន២,០៤០នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top