ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ស្នើចិន ពន្លឿនចុះពិធីសារលើមុខដំណាំផ្សេងៗ ដើម្បីជំរុញកសិផលខ្មែរ ទៅទីផ្សារចិន

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើអគ្គរដ្ឋបាលគយ (GACC) ចិន ជួយពន្លឿនលើការចុះពិធីសារលើមុខដំណាំងផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែច្រើន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បានធ្វើជាសហប្រធានជាមួយ លោក Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) ចិន នោះ លោក វេង សាខុន បានឲ្យដឹងថា ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានឯកភាពគ្នា ក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេស ការធ្វើពាណិជ្ជកម្ម ក្នុងវិស័យឲ្យកាន់តែជឿនលឿនមួយ កម្រឹតថែមទៀត។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២»៕

To Top