ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ព្រមានថា បើពលរដ្ឋ មិនអនុវត្តវិធានការ សុខាភិបាល វិរុសបំប្លែងថ្មី ប្រភេទមូ អាចកើតឡើងនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តវិធានការ សុខាភិបាលទេ វិរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា ដូច្នេះត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។

ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើង នៅស្វាយរៀង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្ន វិរុសបំប្លែងថ្មី ប្រភេទមូ នៅកម្ពុជាមិនទាន់មាននៅឡើយទេ ។ លោកស្រីថា វិរុសបំប្លែងថ្មី ប្រភេទមូ បានកើតមានឡើង នៅតាមបណ្ដាប្រទេស ៣០ ទៅ៤០រួចហើយ លើសកលលោក ។

លោកស្រីបញ្ជាក់ថា «វិរុសមូ មិនខុសពីអាល់ហ្វា ដែលតា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តនូវការ ការពារ ទប់ស្កាត់នូវការ ចម្លងវិរុសកូវីដ-១៩ នេះទេ ។ ខ្ញុំគិតថា វិរុសមូ នេះ ប្រហែលជានឹងអាច ពីព្រោះពីមុន យើងឃើញហើយ យើងអត់មានអាល់ហ្វា ដែលតា ទេ ប៉ុន្ដែក្រោយមកទៀត មានមួយ ឬពីរ ករណី បន្ដបន្ទាប់មកទៀត ការចម្លងនេះបាន ឆ្លងទៅបងប្អូនមួយចំនួន ដោយសារការអនុវត្តការពារ មានភាពខ្វះចន្លោះ»។

លោកស្រីបន្ដថា ចំពោះវិរុសអាល់ហ្វា ដែលតា ក្រសួង និងអ្នកពាក់ព័ន្ធមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសភាព ការណ៍បានល្អប្រសើរ ដោយមិនបណ្ដោយឲ្យសភាពការណ៍នេះ ទៅហួសពីស្ថានភាព និងមហន្ដរាយ សុខភាពសាធារណនោះទេ ។ លោកស្រី ក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ទោះបីចាក់ វ៉ាក់សាំងរួចក៏ដោយ។

ទោះបីយ៉ាងណាក៏ដោយ លោកស្រីរដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា សម្រាប់វិរុសបំប្លែងថ្មី ប្រភេទមូ អង្គការសុខាភាពពិភពលោក (WHO) កំពុងធ្វើការតាមដានយ៉ាងជិតដិតបំផុត ។ ក្នុងនោះកំពុងពិនិត្យថា តើវាឆ្លងលឿន ឬអត់? ហើយបច្ចុប្បន្ននេះមិនទាន់ដាក់បញ្ជូល ប្រភេទមូ ចូលទៅក្នុងប្រភេទ វិរុសដែលខ្លាំង ដូច អាល់ហ្វា និងដែលតា នៅឡើយ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០០,១៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៩៤,៣២៦នាក់ និងអ្នកស្លាប់ ចំនួន២,០៤៩នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top