ព័ត៌មានជាតិ

ក្រុមហ៊ុន អិមដាប់បែលយូជី ឧបត្ថម្ភអង្ករ៣៣តោន ដល់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អង្ករ ចំនួន៣៣តោន ត្រូវបានក្រុមហ៊ុន អិមដាប់បែលយូជី (ខេមបូឌា) ឯ.ក ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈជំងឺនេះ កំពុងឆ្លងរាលដាលនៅឡើយ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានី ក្នុងពិធីប្រគល់និងទទួល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អិមដាប់បែល យូជី (ខេមបូឌា) ឯ.ក ដែលបានឧបត្ថម្ភ អង្ករ ចំនួន៣៣តោន ។

លោកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈ ជាតិបាននិងកំពុង ជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ )។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់ ៕

To Top