ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កាតចាក់វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់តាមក្រោយ បញ្ហាសំខាន់ ចាក់វ៉ាក់សាំងឲ្យបានមុន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កុំភ័យរឿងអត់បានកាត ចាក់វ៉ាក់សាំង កូវីដ-១៩ ព្រោះនឹងផ្ដល់ជូន តាមក្រោយដល់អ្នក ដែលបានចាក់រួច ប៉ុន្តែបញ្ហាសំខាន់ គឺចាក់វ៉ាក់សាំងឲ្យបានមុន ដើម្បីទប់ស្កាត់ និង ការពារជំងឺកូវីដ-១៩ ។

សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយមានហ្វេសប៊ុកឈ្មោះ Pisrth Regal បានចូលខំមិនក្នុងគេហទំព័រហ្វេសប៊ុកសម្ដេច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថា «សម្តេច ខ្ញុំមានចង្ងល់មួយ ប្រពន្ធរបស់ខ្ញុំ ចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធិចាក់ដូសទី៣ បានទេ?»។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាតនឹងផ្តល់ជូនតាមក្រោយ ។ បញ្ហាសំខាន់របស់យើង គឺចាក់វ៉ាក់សាំងឲ្យបានមុន ដើម្បីការពារការឆ្លងជំងឺ ។ ក្រសួងការពារជាតិកំពុងផលិតលិខិត សំគាល់ការចាក់វ៉ាក់សាំងជូន ។ សុំរក្សាលិខិតនេះទុក ដើម្បីប្តូយកលិខិត សំគាល់ការចាក់វ៉ាក់សាំង»។

បន្ទាប់មកទៀត មានហ្វេសប៊ុកឈ្មោះ ហៀ ឆាយ ចូលខំមិនទៀតថា «សូមសម្ដេចពុកមេត្តា ជួយឲ្យខាងអ្នករត់កងបី ឆាប់បានចាក់ផង (ចាក់លើកទី៣) ព្រោះខ្ញុំអ្នករត់កង់បីចង់ចាក់ណាស់» ។

សម្ដេចតេជោ បានឆ្លើយថា «យើងនឹងខិតខំចាក់ដោយផ្តើមចេញ ពីរាជធានីភ្នំពេញ នៅក្នុងខែតុលា២០២១នេះ ។ បងប្អូនកង់បី និងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ជាអាទិភាព នៃការចាក់ជូនឲ្យបានឆាប់» ។

សូមបញ្ជាក់ថា កម្ពុជាសម្រេច បានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើងទៅ បានប្រមាណ ជាង ៩០% ធៀបនឹងគោលដៅ ចំនួន១០លាននាក់ និងកុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ ធៀបនឹងគោលដៅ ២លាននាក់ ៕

To Top