ព័ត៌មានជាតិ

ក្រុមហ៊ុន វីរៈប៊ុនថាំ យកថវិកា និងស្បៀង ជូនរដ្ឋបាលភ្នំពេញ ចែកបន្តឲ្យកម្លាំងតំបន់ប្រាសាទព្រះវិហារ និងស្រុកសៀមប៉ាង

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកា និងស្បៀងអាហារមួយចំនួន ពីឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីនាំយកអំណោយ និងស្បៀងអាហារទាំងនេះ ទៅចុះសួរសុខទុក្ខ និងផ្តល់បន្តជូនដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការ នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ។

ក្នុងពិធីប្រគល់និងទទួលនារសៀលថ្ងៃទី១៤ កញ្ញានេះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភថវិកា ចំនួន ២០,០០០,០០០រៀល អង្ករចំនួន២តោន ( ក្នុង១បាវស្មើ១០គីឡូក្រាម) មីចំនួន ៣០០កេសតូច,ត្រីខ ចំនួនៈ ២០០កេសតូច ។ ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងប្រចាំការ នៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

អភិបាលរាជធានីភ្នំពេញ ចាត់ទុកថា នេះជាទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែក លើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខដែលបានខិតខំការពារ ខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិ ឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top