ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ គ្មានការសូកប៉ាន់ឬអំពើពុករលួយ ជាដាច់ខាតជុំវិញការសុំសិទ្ធិ បើកសាលារៀនឡើងវិញ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។

ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គ្មានការសូកប៉ាន់ណាមួយ និងមិនត្រូវមានអំពើពុករលួយជាដាច់ខាត ជុំវិញការសុំសិទ្ធិបើកគ្រឹះស្ថានសាធារណៈ និងឯកជន ទៅដល់អ្នកចុះត្រួតពិនិត្យនោះទេ ។

លោក ឃួង ស្រេង បានលើកឡើងថា “ថ្វីត្បិតតែខ្ញុំ បានត្រួតពិនិត្យ តែ២សាលារដ្ឋ និង១សាលាឯកជន ប៉ុន្តែខ្ញុំបានទទួលរបាយការណ៍ ពីក្រុមការងាររបស់ខ្ញុំ ដែលមានឯកឧត្តមអភិបាលរងរបស់ខ្ញុំ ត្រួតពិនិត្យការងារ និងមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើកិច្ចការងារកន្លងមក យើងទទួលព័ត៌មាន និងរបាយការណ៍ថា មានការសហការ និងយកចិត្តទុកដាក់ ការពារនូវសុវត្ថិភាព សិក្សានុសិស្ស អោយបានល្អប្រសើរ” ។

លោកបានសង្កត់ធ្ងន់ថា “កិច្ចការងារនេះ ខ្ញុំមិនមែនត្រួតពិនិត្យតែថ្ងៃនេះ យើងនឹងតាមដានការងារនេះ ជាបន្តបន្ទាប់ទៅទៀត ប៉ុន្តែការតាមដានរបស់ពួកខ្ញុំធានាថា មិនមានអំពើពុករលួយដាច់ខាត គឺយើងធ្វើដើម្បីឃឿនសុខមាភាព របស់ប្រជាពលរដ្ឋ មិនមែនចុះមកធ្វើ ដើម្បីបង្គាប់បញ្ជារ គ្រឹះស្ថានឯកជន ឬគ្រឹះស្ថាន ដើម្បីផ្តល់ជាលាភសក្ការៈណាមួយ ទៅដល់អ្នកចុះពិនិត្យនោះទេ”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top