Covid-19

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈ សម្រាប់ការពារជំងឺកូវីដ១៩ គ្រប់បណ្តាសាលារៀន ទូទាំងខេត្ត

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល ជាមួយអាណាព្យាបាលសិស្ស និងសិស្ស នៃវិទ្យាល័យជួនណាត ៩១រូប ដែលបានទទួលអាហារូបករណ៍សិក្សាបន្ត ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា បើទោះជាប្រទេសជាតិកំពុង ស្ថិតនៅក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ លើកកំពស់លើវិស័យសិក្សាធិការនេះ ឱ្យនៅតែបន្តដំណើរការ ដោយបានបង្កើតជាកម្មវិធី ឱ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្តបានបញ្ជាក់ថា វិស័យបណ្ដុះបណ្ដាល ធនធានមនុស្សនេះ ជាអទិភាព ដើម្បីលើកកម្ពស់គុណភាព សិក្សាសម្រាប់យុវជនយើង ដែលជាទំពាំងស្នងឬស្សី និងជាថ្នាលបណ្ដុះធនធានមនុស្ស សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងទៅថ្ងៃអនាគតផងដែរ ដូច្នេះសូមឲ្យក្មួយៗទាំងអស់ ដែលបានទទួលអាហារូបករណ៍នាពេលនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យសាកសមទៅហ្នឹងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំបានផ្តល់ជូន។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ការបើកឲ្យសិស្សចូលរៀននៅក្នុងថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ រដ្ឋបាលខេត្តបានចែកចេញ ជាពីរដំណាក់កាល គឺទី១ បើកចាប់ពីកម្រិតអនុវិទ្យាល័យឡើង ដែលមានចំនួន ១២៣ សាលាទូទាំងខេត្តកំពង់ចាម ដែលទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានត្រៀមឧបត្ថម្ភគាំទ្រ នូវសុំភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ មានដូចជា ម៉ាស, អាល់កុល និងសម្ភារៈផ្សេងៗទៀតជាបន្តបន្ទាប់ ក្នុងពេលដែលចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ ។ ចំណែកផ្នែកបឋមសិក្សា គឺបើកនៅដំណាក់កាលទី២ នៅថ្ងៃទី ១១ ខែតុលា ពេលបុណ្យភ្ជុំបិណ្ឌរួច ។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះដែរ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យ ធ្វើការពន្លឿនការរៀបចំ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅឃ្លាំងពាណិជ្ជកម្ម ក្នុងស្រុកកំពង់សៀម ដើម្បីផ្ទេរអ្នកជំងឺ ពីវិទ្យាល័យសីហនុ ដើម្បីយកសាលាឲ្យសិស្សចូលរៀនវិញ ៕

To Top