ស្វាយរៀង ៖ប្រជាពលរដ្ឋ អាជីវករ កម្មកររោងចក្រ ក្នុងខេត្តស្វាយរៀង ប្រកបរបប រកស៊ីជាធម្មតានិងបើកឡើងវិញ នៅទីតាំងមួយចំនួន ដែលត្រូវបិទខ្ទប់មួយរយៈ ដោយសារមានការរីករាលដាល នូវជំងឺកូវីដ១៩ កន្លងមក ហើយស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តនៅតែបន្តឆ្លង ក្នុងកម្រិតមិនច្រើនដូចមុន តែអាជ្ញាធរនៅតែអំពាវនាវ ដល់ពលរដ្ឋឲ្យគោរពនូវវិធានការ សុខាភិបាល ឲ្យបានខ្ជាប់ខ្ជូនផងដែរ។
ទិដ្ឋភាពជារួមនៅតាមទីប្រជុំជននានា ក្នុងខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ គឺមានការប្រកបរបរ រកស៊ីទទួលទានជាធម្មតា សម្រាប់ផ្សារវាលយន្ត ក្នុងក្រុងវិញ ក៏បានបិទតូប អស់មួយចំនួនដោយសារមានការពាក់ពន្ធ័ និងប៉ះពាល់ អ្នកឆ្លងកូវីដ១៩ ហើយក្នុងនោះទាំងអាជីវករ និង អ្នកទិញទំនិញក៏បានអនុវត្តនូវវិធានការ សុខាភិបាល ដូចជាពាក់ម៉ាស់ បាញ់អាកុល រក្សាគម្លាត ដោយរៀនរស់តាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩។
ទោះបីយ៉ាងណា បើតាមការបញ្ជាក់ពីអាជ្ញាធរ ខេត្តស្វាយរៀង បានឲ្យដឹងថា សព្វថ្ងៃនៅ ខេត្តស្វាយរៀង គឺនៅតែមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនដូច កាលពីប៉ុន្មាន ខែមុននោះទេ តួយ៉ាងដោយសារប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចូលរួមអនុវត្តកាតព្វកិច្ច ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ បានច្រើន ដែលធ្វើឱ្យស្ថានភាពការ ឆ្លងជំងឺកូវីដនេះ គឺមានការធូរស្រាលបន្តិច តែសូមចូលរួមអនុវត្ត វិធានការសុខាភិបាល ឲ្យបានល្អថែមទៀតផងដែរ ។
លោកវេជ្ជបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរ សុខាភិបាល ខេត្តស្វាយរៀង បានឲ្យដឹងថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តធូរស្រាល ហើយតែដោយសាមានការផ្ទុះជំងឺនេះនៅក្រុមហ៊ុនកាត់តរូបភាពស្ថិតភូមិមេភ្លើង សង្កាត់ស្វាយរៀង រាំងហក់ឡើងវិញ ដោយរកឃើញ ការឆ្លងកូវីដ៣០នាក់ កាលពីម្សិលមិញ ក្នុងចំណោម៣០នេះ រកឃើញក្រុមហ៊ុន កាត់តរូបភាព១៥នាក់ ។ មូលហេតុដែលនាំឲ្យឆ្លងច្រើន ដោយបុគ្គលិកធ្វើការងារនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បិទជិត។
បើតាមរបាយការណ៍ របស់សាលាសង្កាត់ស្វាយរៀង បានឲ្យដឹងថាកាលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ម្សិលមិញនេះ មានករណីផ្ទុះជំងឺកូវីដ-១៩នៅក្រុមហ៊ុនកាត់តរូបភាព M.M production ស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានបុគ្គលិកចំនួន២នាក់ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់មានវិជ្ជមានកូវិដ១៩ ក្រោយពីការក្រុមការងារសួរព៌ត័មាន បុគ្គលិកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងក្រុមហ៊ុនបុគ្គលិកសរុប ៦៣នាក់ស្រី ២១នាក់ទាំងសន្តិសុខ និងអ្នកអនាម័យការវាយតម្លៃរបស់មន្ត្រីជំនាញត្រូវយកសំណាកទាំងអស់គ្នា សរុប ៦១នាក់ស្រី២០នាក់ ក្រោយពីយកសំណាកលទ្ធផល រកឃើញវិជ្ជមាន ចំនួន១៥នាក់ស្រី ៨នាក់ ត្រូវទៅព្យាបាលនៅមន្ទីរបាវិត ។ ចំណែកអ្នកអវិជ្ជមាន ត្រូវដាក់អោយធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុនរង់ចាំលទ្ធផល ពីប៉ាស្ទ័រចំនួន ៤៦នាក់ ៕