ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រ​ជុំ ពិភាក្សាលើកទី៨ អាណត្តិទី១ របស់ខ្លួន ស្តីពីការកែសម្រួល​ អត្រាភាគទាន ផ្នែកថែទាំសុខភាព ពាក់ព័ន្ធកូវីដ១៩

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ និងពិភាក្សាទៅលើការ​ កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាព ពាក់ព័ន្ធនឹងករណីកូវីដ១៩ សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ បន្ទាប់ពីមានកិច្ចប្រ ជុំរបស់ក្រុមការងារ ចំពោះកិច្ចសិក្សាលទ្ធភាព កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាពនៃ ប.ស.ស. ចំនួនពីរលើករួចមកហើយ កាលពីពេលកន្លងទៅ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ដោយក្នុងនោះបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សា ឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅបន្ថែមទៀត ក្នុងន័យប្រមូលបាន នូវធាតុចូលសំខាន់ៗ ដើម្បីឱ្យការកែសម្រួល​ អត្រាភាគទាន ផ្នែកថែទាំសុខភាព ពាក់ព័ន្ធនឹងករណីកូវីដ១៩ សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ប្រកបដោយភាពត្រឹមត្រូវ និងកាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឱ្យការអនុវត្ត ស្របទៅតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

គួរឱ្យដឹងដែរថា ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសលើការអនុវត្ត​ សកម្មភាពការងារ ពីសំណាក់ក្រុមប្រឹក្សាភិបាល តាំងពីដើមរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម សម្រេចបាននូវលទ្ធផល ផ្លែផ្កាជាច្រើន ស្របទៅតាមគោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ច ដល់ស្ថាប័នមួយនេះ ជាប្រតិបត្តិករតែមួយគត់ ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតផងដែរ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ពេញមួយព្រឹកនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលមានសមាសភាពចូលរួម សរុបចំនួន ១១រូប៕

To Top