ព័ត៌មានជាតិ

Update: ឧកញ៉ា ទៀ វិចិត្រ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍ លិចទូកកាលពីថ្ងៃទី១៤ ក្រោយរកឃើញសាកសព

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងមុននេះបន្តិចថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន  ជី.ធី.វី.សុី  ស្ពីដប៊ូត កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ ក្រោយខិតខំស្វះស្វែងរកជាច្រើនម៉ោង ។

យោងតាមលោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា សពជនរងគ្រោះបានបាត់ខ្លួន ដោយសារលិចទូកនៅក្នុងលម្ហសមុទ្រ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា បានរកឃើញនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥នេះ  ។

ក្នុងនោះដែរលោកឧកញ៉ា បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព បន្ទាប់ពីក្រុមការងាររបស់លោកខិតខំជួយអស់ពីសមត្ថភាពក្នុងការស្វែងរកនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃ១៤ កញ្ញា វេលាម៉ោង២រសៀល មានករណីលិចទូក នេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ដោយនៅលើទូកនេសាទ មានគ្នាចំនួន ២នាក់៖ ១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ និង២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ ។ ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top