ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ស្នើ FAO គាំទ្រគម្រោងថ្មីៗ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម កសិករ អ្នកផលិត កំពុងជួបប្រទះ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានស្នើអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភ និងគាំទ្រគម្រោងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះបញ្ហាផ្សេងៗ។

ក្នុងជំនួបការងារតាមប្រព័ន្ធ Zoom ជាមួយអង្គការ FAO ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍកម្ពុជា តាមរយ:គម្រោងនានា ក្នុងគោលបំណងជួយ អភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន។

លោកបន្ដថា គម្រោងគាំទ្រដល់ការអភិវឌ្ឍ អនុវិស័យកសិកម្មមួយចំនួន បានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោង ទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស កសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹង បរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

លោកបញ្ជាក់ថា «ស្នើសុំឲ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗ បន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហា ប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញ ការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាងហេដ្ថារចនាសម្ព័ន្ធ គាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ»។

ជាការឆ្លើយតប លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO សង្ឃឹមថា FAO នឹងមានគម្រោងថ្មីៗ បន្ថែមទៀតសម្រាប់កម្ពុជា។ លោកជឿជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម FAO នឹងសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ដែលវានឹងចូលរួមអភិវឌ្ឍ វិស័យកសិកម្មកម្ពុជានាពេលអនាគត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×