នយោបាយ

អាមេរិក បន្តក្រឡុកបញ្ហា កំពង់ផែរាម ទោះបីមានការបញ្ជាក់ ជាច្រើនលើក ពីកម្ពុជា (Video)

ភ្នំពេញ៖ មិនមែនជាបញ្ហាថ្មីនោះទេ ដែលប្រទេសមហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរ លើបញ្ហាកំពង់ផែរាម ដោយបានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឱ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែង នៅក្នុងជំនួបជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញ លោក លោក ផាក ទ្រីតម៉ាហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងជាថ្មីម្ដងទៀត នូវការព្រួយបារម្ភ ចំពោះការកសាងមូលដ្ឋានរាម របស់កម្ពុជា។

ជុំវិញករណីនេះ ត្រូវបាន សម្ដេច ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាម ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងអន្តរជាតិ»។

សម្ដេចបន្តថា «កន្លងមក តបតាមការស្នើសុំ របស់ស្ថានទូត និងការិយាល័យ អនុព័ន្ធយោធាអាមេរិក ប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូន នាយទាហាន ដឹកនាំក្រុមការងារ ចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការ សន្តិសុខលម្ហសមុទ្រថ្មី ០២លើក បានដំណើរការ ប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ ជូនប្រជាជនកម្ពុជានិងអន្តរជាតិ នូវគោលជំហរនយោបាយ ការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមាន ជាមួយប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរ ថែមទៀត»។

សម្ដេច ក៏បានប្រាប់ទៅកាន់ភាគីអាមេរិក ផងដែរថា ក្រសួងការពារជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្របេសកកម្មការទូត យោធាជាមួយអនុព័ន្ធយោធាថ្មី ដើម្បីពង្រឹងទំនាក់ ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងការរីកចម្រើន។

សម្តេចពិជ័យសេនា និងលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែ មានភាពរីកចម្រើន ថែមទៀត។

បន្ថែមពីលើ នេះ លោក ផាក ទ្រីតម៉ាហ្វី (Patrick Murphy) បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យរក្សា សន្តិភាព វិស័យសន្តិសុខរួមប្រឆាំងអំពើ ភេរវកម្ម វិស័យបោសសម្អាតនៅកម្ពុជា ប្រតិបត្តិការស្វែងរកអដ្ឋិធាតុកងទ័ពសហរដ្ឋ អាមេរិកនៅកម្ពុជា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top