ព័ត៌មានជាតិ

ប.ស.ស. ស្វែងរកកិច្ចសហការ បន្ថែមជាមួយ AFD និង ILO ដើម្បីសិក្សា សមិទ្ធិលទ្ធភាភ ក្នុងការពង្រីកវិសាលភាព

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “កិច្ចសហប្រតិបត្តិការរវាងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)” ដែលផ្ដោតសំខាន់ក្នុងការពិនិត្យ និងពិភាក្សា លើការអនុវត្ត គម្រោងសាកល្បង ស្តីពី កិច្ចគាំពារសង្គមផ្នែក នវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project),  ការសិក្សាសមិទ្ធិលទ្ធភាព នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ (២០២២-២០២៦) របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។

ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកអគ្គនាយក  បានលើកឡើងថា កន្លងមកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈអង្គការហ្រ្គេត (GRET) ជូន ប.ស.ស. ក្នុងការសិក្សា និងអនុវត្តគម្រោងសាកល្បង ស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) មានដូចជា៖ ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាននៃ ប.ស.ស. (NSSF Call Center Development) ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (Web Application Development) សម្រាប់ការចុះបញ្ជិកា និងបង់ភាគទាន របស់កម្មករនិយោជិតនៅក្នុង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ) ការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment) និងយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ (Communication Strategy)។ 

ក្រៅពីសមិទ្ធផលខាងលើនេះ លោកអគ្គនាយក បានថ្លែងបន្ថែមថា ប.ស.ស. មានបំណងនៅក្នុងការពិនិត្យ និងពិភាក្សាដើម្បីស្វែងរក កិច្ចសហការបន្ថែមជាមួយ AFD និង ILO ទៅលើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការពង្រីកវិសាលភាព នៃការគ្របដណ្តប់របបសន្តិសុខសង្គម ទៅលើវិស័យផ្សេងៗ បន្ថែមទៀតដូចជា៖ បុគ្គលស្វ័យនិយោជន៍ (Self-employed) វិស័យសំណង់(Construction sector) និងវិស័យកសិកម្ម (Agricultural sector) ជាដើម។

ជាមួយគ្នានេះ លោក Finn KOH នាយកកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ អន្តរជាតិខាងការងារ (ILO) ក៏បានធ្វើបទបង្ហាញ ស្តីពីគម្រោងទំនើបភាវូបនីយកម្ម ប.ស.ស. (Modernization Project) ក្នុងដំណាក់កាលទី១ ឆ្នាំ២០១៩-២០២១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ដំណាក់កាលទី២  ឆ្នាំ២០២១-២០២៣ ផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តិទៅ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ នៃ ប.ស.ស. មានការអញ្ជើញចូលរួមពី លោកស្រី Ophelie Bourhis ជានាយកAFD ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស នៃ ប.ស.ស. និងតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ Conference៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top