ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ពលករខ្មែរ នៅថៃ បានចាក់វ៉ាក់សាំងកូវីដ-១៩ ជាង៥ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ រស់នៅប្រទេសថៃ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥២០០០នាក់។

ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «មុននេះយើងព្រួយបារម្ភធំណាស់ គឺពលករមកពីថៃ ប៉ុន្ដែដោយមានកិច្ចសហការ និងប្រតិបត្តិការល្អ រវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ ធ្វើឲ្យការវិលត្រឡប់ដោយរបៀបរៀបរាយរបស់ពលករយើងនៅក្នុងប្រទេសថៃ បូកជាមួយនឹងវិធានការប្រកាន់យកប្រទេសថៃ ។ តាមព័ត៌មានខ្ញុំទទួលបាន គឺពលករយើងបានចាក់វ៉ាក់សាំង បានប្រមាណ៥២០០០នាក់ នៅក្នុងប្រទេសថៃ»។

សម្ដេចតេជោ បានបន្ដថា មកដល់ពេលនេះ មានពលករខ្មែរមកពីថៃ កំពុងធ្វើចត្តាឡីស័កតាមព្រំដែន នៅសល់តែ ជាង៧ពាន់នាក់ប៉ុណ្ណោះ។ សម្ដេចតេជោ ថា ភាគីច្រើនពលករមកពីថៃ ភាគច្រើនឆ្លងជំងឺកូវីដ-១៩ ប្រភេទ ដែលតា។

សម្ដេចតេជោបញ្ជាក់ថា «សល់ជាង៧ពាន់នាក់ទេ ពលករមកពីថៃកំពុងនៅក្នុងមណ្ឌលចត្តាឡីស័ក តាមព្រំដែន ការទប់ស្កាត់ការនាំចូល ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ជាការទប់ស្កាត់បានឆាប់រហ័ស»។

សម្ដេចតេជោ បានបន្ថែមថា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាតជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការយុទ្ធសាស្ដ្រទាំង៦របស់រាជរដ្ឋាភិបាល ជាពិសេសនោះ ធ្វើចត្តាឡីស័ក តេស្ដរហ័ស៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top