ព័ត៌មានជាតិ

អាណាព្យាបាល កុមារ៦-១២ឆ្នាំថា ការចាក់វ៉ាក់សាំងដល់កូនៗ ជាការការពារក្មេង ដោយពុំមានអ្វីព្រួយ បារម្ភឡើយ (Video)

ភ្នំពេញ ៖ នៅថ្ងៃដំបូង ពោលថ្ងៃទី១៧ ខែកញ្ញា សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ដល់ក្រោម១២ មានមាតាបិតា និងអាណាព្យាបាល ជាច្រើនរូប រួតរះនាំកូនៗរបស់ពួកគេ មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តយ៉ាងច្រើន ដោយពុំមានក្តីបារម្ភ ពាក់ព័ន្ធនឹងប្រតិកម្ម វ៉ាក់សាំងអ្វីឡើយ ។

លោកស្រី សៀវ លីជូ ដែលបានយកកូនៗ ២នាក់ អាយុ ៦ឆ្នាំ និង៨ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ បានបង្ហាញទឹកមុខរីករាយ ក្រោយកូនៗទាំងពីរបាន ទទួលវ៉ាក់សាំងហើយ ។

លោកស្រីថែមទាំងឲ្យដឹងថា លោកស្រីពុំមានក្តីបារម្ភអ្វីឡើយ ជុំវិញការចាក់វ៉ាក់ដល់កូនៗ របស់គាត់ ហើយនេះ ជាអ្វីដែលគាត់ទន្ទឹងរងចាំ ពោលគ្រាន់តែទទួលដំណឹងថា រាជរដ្ឋាភិបាល ប្រកាសផ្តល់វ៉ាក់សាំងដល់ក្មេងៗ ពី៦ដល់ក្រោម១២ឆ្នាំភ្លាម គាត់បានរៀបចំរួចជាស្រេច ។

លោកស្រីមានប្រសាសន៍ថា “វគ្គដែលត្រូវចាក់ពី៦ឆ្នាំដល់១២ឆ្នាំនេះ ខ្ញុំចាំយូរហើយ ព្រោះកូនខ្ញុំមានអាយុ៨ និង៦ឆ្នាំតែម្តង កាលមុនគេចាក់ពី១២ ដល់១៧ឆ្នាំ ឥឡវមានឱកាសហើយ ចឹងការពារ”។

ដោយឡែក បើនិយាយការបារម្ភពីប្រតិកម្ម លើកូនៗ របស់លោកស្រី ត្រូវបានលោកស្រីឲ្យដឹងថា ដោយសារតែខ្លួនផ្ទាល់ និងក្រុមគ្រួសារជាច្រើន បានទទួលវ៉ាក់រួចរាល់អស់ ហើយ គ្មានបញ្ហាអ្វីដូច្នេះ ទើបគាត់ យល់ថាសម្រាប់កូនៗ គាត់ក៏មិនមានអ្វីដូចគ្នា ហើយនេះជាការការពារ អាយុជីវីតកូនៗនោះទេ”៕

To Top