នយោបាយ

សម្ដេចតេជោ ប្រកាសបន្ដធ្វើនាយករដ្ឋមន្ដ្រី ដើម្បីការពាររាជានិយម និងរាជបល្ល័ង្គឲ្យគង់វង្ស (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចបន្ដធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ ឲ្យបានគង់វង្ស ក្រោយពីមេឧទ្ទាមនៅក្រៅប្រទេស ប្រកាសថា របបរាជានិយម និងរាជបល្ល័ង្គ នៅកម្ពុជានឹងរលាយ នៅពេលសម្ដេច អស់អំណាច ។

ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា មានអ្នកវិភាគល្ងង់ទូ បាននិយាយថា សម្ដេចតេជោ វះកាត់ ហើយផ្ទេរអំណាចឲ្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ឧបមាថា ខ្ញុំវះកាត់ទៅចុះ បើខ្ញុំមិនទាន់ស្លាប់ទេ វះ ក៏វះ ទៅ តែមិនទាន់ស្លាប់ផង បង្ខំទៅណា បើ ហ៊ុន សែន នៅធ្វើនាយករដ្ឋមន្ដ្រី។ ហើយខ្ញុំសូមប្រកាសសារជាថ្មី មូលហេតុខ្ញុំប្រកាសថា ធ្វើនាយករដ្ឋមន្ដ្រី គ្មានការកំណត់ ចាប់ផ្ដើមពីអី? ចាប់ផ្ដើមពីមានមេឧទ្ទាមម្នាក់ចេញមក ប្រកាសថា របបរាជានិយម នៅកម្ពុជានឹងរលាយ នៅពេល ហ៊ុន សែន អស់អំណាច ដូចអ៊ីតាលី ចឹង ។ ខ្ញុំនៅទីនេះ(បន្តកាន់អំណាច) ដោយគ្មានការកំណត់រយៈពេល ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ។ ព្រោះថា សត្វចង្រៃអស់នេះ វាខ្លាចជាងគេ គឺខ្លាច ហ៊ុន សែន តែម្ដង មាន ហ៊ុន សែន រាជបល្ល័ង្គគង់វង្ស»។

សម្ដេចតេជោបន្ដថា មេឧទ្ទាមនៅក្រៅប្រទេសរកវិធីសាស្ដ្រគ្រប់បែបយ៉ាង ដើម្បីបំផ្លាញ សម្ដេច តែបំផ្លាញមិនរួច។ សម្ដេចថា ប៉ុលពត ក៏រកវិធីបំផ្លាញ សម្ដេចដែរ ប៉ុន្ដែត្រូវចាញ់ក្នុងដៃរបស់សម្ដេច ទៅវិញ ។ សម្ដេច ក៏បានផ្ដាំផ្ញើទៅដល់អ្នកវិភាគ ធ្វើជាទស្សនវិទូ ឲ្យបានត្រឹមត្រូវ កុំធ្វើអាល្ងង់ទូ។

ក្រោយមកទៀត ក្រុមអ្នកវិភាគល្ងង់ទូ លើកឡើងថា ផ្ដល់អំណាចឲ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបវិញថា សម្ដេច ធ្វើជានាយករដ្ឋមន្ដ្រី ដោយគ្មានការកំណត់។

សម្ដេចតេជោ បានបញ្ជាក់ថា «ឪវា (សម្ដេច) ប្រកាសធ្វើជានាយករដ្ឋមន្ដ្រី អត់មានការកំណត់ តើកូនត្រូវការដណ្ដើមអំណាចពីឪ វាឬអី? ទោះបីគ្រប់លក្ខណៈសម្បត្តិក៏ដោយចុះ តែវាមិនទាន់ដល់ពេលមកជំនួស ឪ របស់វា ព្រោះ ឪ របស់វាត្រូវការធ្វើបន្ដ ហើយកូនត្រូវមកដំណ្ដើមធ្វើអី»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top