ព័ត៌មានជាតិ

អូស្ត្រាលី គាំទ្រសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៅកម្ពុជា

ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែក បច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនង ទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សានេះ លោកឯកអគ្គរាជទូត និងលោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ លើការពង្រឹងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។

នាឱកាសនោះ លោកឯកអគ្គរាជទូត បានថ្លែងថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗ បន្ថែមទៀត។ ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។

លោក បានបញ្ជាក់ថា «យើងមើលឃើញពីភាព ចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់ សំណើសុំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានា ទាក់ទងនឹងជំងឺកូវីដ-១៩»។

លោក បានបន្ដថា ក្នុងក្របខណ្ឌនៃ កិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាន និងកំពុងគាំទ្រ ក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំ ដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់ និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។

សូមបញ្ជាក់ថា ការគាំទ្រជាបន្តរបស់អូស្រ្តាលី ទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី «វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ» របស់អូស្រ្តាលី ដែលមានរយៈពេល ៦ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤ លានដុល្លារអូស្រ្តាលី ៕

To Top