ព័ត៌មានជាតិ

អាជ្ញាធររាជធានី តម្រូវឲ្យតាមវត្តអារាម រៀបចំបាញ់អាកុល និងវាស់កំដៅនៅមុខ ក្លោងទ្វារ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមរយៈ​Video Conference របស់គណៈបញ្ជាការឯកភា​ព រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យវត្តនីមួយៗ ត្រូវបាញ់អាកុលនិងវាស់កំដៅ នៅមុខក្លោងទ្វារដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់​ ចំណុះអោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អ ជាមួយការអនុវត្ត អោយបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ឲ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩ ដែលនឹងចូលមកដល់ នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារ​ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍ នាពេលកន្លងមកហើយក្តី ។

ក្នុងនោះលោក ឃួង ស្រេង ក៏បានណែនាំឲ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនអោយមានហានិភ័យ​ នៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងឈានចូលមកដល់ មិនប៉ុន្មានថ្ងៃទៀតនេះ ដោយក្នុងវត្តនិមួយៗ នៅតាមក្លោងទ្វារ ត្រូវបាញ់អាកុលនិងវាស់កំដៅ។

លោកអភិបាលក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជំងឺកូវីដ-១៩នេះ ដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារអោយបានគង់វង់ ពីអំពើចោរកម្ម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top