ព័ត៌មានជាតិ

កំណត់ត្រាលើកដំបូង បង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នៃហ្វូងកូនសត្វក្រពើ ភ្នំដ៏កម្របំផុត នៅតំបន់ទីជម្រកស្រែពក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា កំណត់ត្រាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុត នៅក្នុងតំបន់ទីជម្រកស្រែពក ខេត្តមណ្ឌលគិរី ដែលផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា « អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុបចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា»។

ក្រសួង បានបន្ដថា សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វក្រពើភ្នំនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

លោក ប៊ុន សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវ បានរៀបរាប់ថា «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំនៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។

ដោយឡែក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក»។

លោកបានបន្តទៀតថា «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់ នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតចាំបាច់សម្រាប់ការការពារសត្វក្រពើភ្នំដើម្បីឲ្យសត្វនេះជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឲ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។

សូមបញ្ជាក់ថា សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×