ព័ត៌មានជាតិ

ថ្ងៃស្អែក ជាថ្ងៃកាន់បិណ្ឌទី១ របស់ខ្មែរ

ភ្នំពេញ ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃពុធ-ពុធ ១រោច -១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-៦ ខែកញ្ញា-តុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយពី លេខាធិការដ្ឋានគណៈសង្ឃនាយកនាថ្ងៃ២១ កញ្ញា ។

ក្នុងការ ប្រារព្ធពិធីបុណ្យ ប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប សម្រាប់ឆ្នាំនេះ នោះ ក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសដោយភ្ជាប់វិធានការសុខាភិបាលឲ្យខ្ជាប់ខ្ជួនផងដែរ ។ ក្នុងនោះ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តែត្រូវអនុវត្តតាមវិធានការសុខាភិបាលដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ខណៈជំងឺនេះកំពុងឆ្លងច្រើនផងដែរ ដោយមានជាង៦០០នាក់ជាប្រចាំ នាពេលប៉ុន្មានថ្ងៃនេះ ។

ចំពោះលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវិរុសកូវីដ-១៩ និងពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌទាំងការទៅវត្ត ឬក៏ការជួបជុំញាតិមិត្តសន្តាននានា ។

សម្រាប់ ក្រសួងទេសចរណ៍ ក៏បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំគ្រប់គ្រងចរន្ដភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

ចំណែក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអនុញ្ញាត ឲ្យកម្មករនិយោជិត ទាំងអស់ឈប់ សម្រាកដោយមានប្រាក់ឈ្នួលផងដែរ ក្នុងរយៈពេល៣ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ។

ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាលវិញ បានចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់មន្រ្តីរាជការ ក្នុងម្នាក់ៗ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិដែលបានលាលោកនេះទៅកាន់លោកខាងមុខ ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អ សម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង ៕

To Top
×