នយោបាយ

សម្ដេចតេជោ ៖ គុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិ នឹងទទួលរងវិបត្តិ និងមហន្តរាយ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងសង្គមជាតិមួយ បើមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។

យោងតាមសារលិខិត ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រ និងបទពិសោធនៃសង្គមនីមួយៗ បានបង្ហាញឲ្យឃើញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅ បានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

សម្ដេចតេជោ បានបញ្ជាក់ថា «ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយ ដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើង មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ»។

សម្ដេចតេជោ បានបន្ដថា មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅ ប្រកបដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។

សម្ដេចតេជោ បានបន្ថែមថា ក្នុងការប្រតិបត្តិក្នុងសង្គម ប្រជាជនមិនត្រឹមតែមានទម្លាប់គោរព ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អ សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់មនុស្សវ័យចាស់ ដែលបានបន្សល់ទុកនូវសមិទ្ធផល និងមរតកជាច្រើននោះ រាជរដ្ឋាភិបាលបានរៀបចំ និងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ ជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ របបគោលនយោបាយ​ ចំ​ពោះជនពិការក្រីក្រតាមសហគមន៍៕

To Top