ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអាជ្ញាធរ បង្កើនសុវត្ថិភាព​ ជូនពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសនោះ ពលរដ្ឋ បន្ដអនុវត្តវិធានការសុខាភិបាល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២២ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ មានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ»។

សម្ដេចតេជោ បានបន្ដថា «សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច»។

សូមរំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២១៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top