ព័ត៌មានជាតិ

សម្តេចតេជោ៖ វិបត្តិកូវីដ ធ្វើឲ្យទេសចរអន្តរជាតិ ថយចុះជាង ៨០% និងប៉ះពាល់ការងារផ្ទាល់-មិនផ្ទាល់ រាប់ម៉ឺននាក់ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យចំនួនទេសចរអន្តរជាតិ ថយចុះរហូតដល់ ៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះ នឹងបន្តធ្លាក់ចុះតទៅទៀត ក្នុងឆ្នាំ២០២១នេះ។

ក្នុងឱកាសអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើន ប្រកបដោយបរិយាបន្ន» សម្ដេចតេជោមានប្រសាសន៍ថា វិស័យទេសចរណ៍ជាវិស័យ ពឹងផ្អែកលើការធ្វើដំណើរនោះ បាននិងកំពុងទទួលរងផលប៉ះពាល់ យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ លើគ្រប់ផ្នែកទាំងអស់ នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងកម្រិតពិភពលោកឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិ បានធ្លាក់ចុះរហូតដល់ ៧៣% ដែលធ្វើឲ្យប៉ះពាល់ការងារផ្ទាល់ពី១០០ ទៅ១២០លា និងការងារមិនផ្ទាល់ជាច្រើន រយលាននាក់ថែមទៀត។

ប៉ុន្តែសម្រាប់កម្ពុជាវិញ សម្ដេចតេជោគូសបញ្ជាក់ថា «ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិ បានថយចុះរហូតដល់ ៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់ រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះ តទៅទៀតក្នុងឆ្នាំ២០២១នេះ» ។

សម្តេចតេជោបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈមេរោគកូវីដ-១៩ បំប្លែងថ្មីកំពុងបន្តរីករាលដាល ក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់ នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំ យុទ្ធសាស្រ្តគន្លឹះយ៉ាងម៉ឺងម៉ាត់ ដាក់ចេញគោលនយោបាយ ចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ។

សម្ដេចបន្តថា ឆ្លងកាត់វិបត្តិកូវីដ-១៩នេះ មើលឃើញកាន់តែច្បាស់ ពីតួនាទីនៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ភាពរីកចម្រើន ប្រកបដោយបរិយាបន្ន តាមរយៈការបង្កើតចំណូល និងការងារជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ។

ដើម្បីអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ សម្ដេចតេជោក៏បាន ចែករំលែកការយល់ឃើញ និងគូសបញ្ជាក់នូវយុទ្ធសាស្រ្ត អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញ នូវសកម្មភាពទេសចរណ៍ជាតិ-អន្តរជាតិ នាពេលខាងមុខនូវ៤ចំណុច ៖ ទី១-យោងលើល្បឿននៃ ការចាក់វ៉ាក់សាំងនៅកម្ពុជា ជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជា នឹងត្រូវបានមើលឃើញថា ពិតជាធានាបានសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិ និងអន្តរជាតិឡើងវិញ ដូច្នេះនឹងជំរុញឲ្យកម្ពុជា អាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាព សាធារណៈជាអាទិភាព។

២-កន្លងមកវិស័យទេសចរណ៍ បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើន សម្រាប់វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត ។ ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្ត ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឲ្យកាន់តែសម្បូរបែប ។

៣- វិបត្តិកូវីដ-១៩ បានធ្វើឲ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គ នៃដំណើរការស្តារឡើងវិញ នៃវិស័យទេសចរណ៍ នាពេលខាងមុខ។ ក្នុងន័យនេះ សម្ដេចអំពាវនាវក្រសួងស្ថាប័នពាក់ព័ន្ធ សហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ បណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ស្របតាមយន្តការអភិវឌ្ឍ ជំនាញទេសចរណ៍ប្រកបដោយចីរភាព។

៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ សម្ដេចតេជោយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺការគិតគូរពីសុវត្ថិភាព និងផាសុកភាពនឹងក្លាយជា កត្តាអាទិភាពក្នុងការសម្រេចចិត្ត ជ្រើសរើសគោលដៅធ្វើដំណើរកំសាន្ត។ ន័យនេះ សម្ដេចលើកទឹកចិត្តការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រ ទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាល នៃការបើកឡើងវិញ និងពេលអនាគត ៕

To Top