ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវ ពលរដ្ឋមានអាយុ ១៨ ទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់

ភ្នំពេញ ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរមានអាយុ ១៨ឆ្នាំឡើងទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅតាមសាលាឃុំ សង្កាត់ ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក នុត សុខុម បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគឺ គ.ជ.ប អនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។ បទបញ្ជា និងនីតិវិធីក៏បានធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានលក្ខខណ្ឌស្របទៅតាមច្បាប់។

លោកបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួន ក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ»។

លោក ក៏បានអំពាវនាវដល់គណបក្ស នយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងជួយជំរុញប្រជាពលរដ្ឋ ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងជោគជ័យ និងបានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ចូលរួមសហការ ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។

លោក បានសំណូមពរ ដល់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋអ្នក ចុះឈ្មោះបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា អនាម័យផ្ទាល់ខ្លួន ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និង គ.ជ.ប ដែលបានដាក់ចេញឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

To Top