ព័ត៌មានជាតិ

សម្តេចតេជោ នឹងថ្លែងសុន្ទរកថា តំណាងជាតិ ក្នុងកិច្ចពិភាក្សាទូទៅ កម្រិតខ្ពស់ នៃមហាសន្និបាត UNលើកទី៧៦

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា តំណាងជាតិ ក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ ក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅ នឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការ សហប្រជាជាតិ សកម្មឡើងវិញ» នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៣ កញ្ញានេះ ថា ការថ្លែងសុន្ទរកថារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន ៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ដែលជាអាទិភាពចំបង ការបន្តដាក់សម្ពាធលើ សន្តិភាពនិងសន្តិសុខអន្តរជាតិ សារៈសំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។

សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរ អំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកប ដោយភាពធន់ និងចីរភាព កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាការ ប្រែប្រួល អាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា៕

To Top