នយោបាយ

លោក សម រង្ស៊ីថា ឲ្យអ្នកទៅបង្កើតបក្សថ្មី ជាបន្លាយួន តែលោក គង់ គាំវាយបកថា សម រង្ស៊ី ជាពូជក្បត់ជាតិ បំរើឲ្យយួនសេរី

ភ្នំពេញ ៖ ថ្មីៗនេះ ក្នុងជំនួបជាមួយអ្នកគាំទ្រ នៅប្រទេសកាណាដា លោក សម រង្ស៊ីបានប្រកាសក្តែងៗថា អ្នកចេញទៅបង្កើត គណបក្សថ្មីគឺជាបន្លាយួន ហើយមិនមែនជាអ្នកស្នេហាជាតិ ប៉ុន្តែលោក គាំ គង់ ដែលមានកូនប្រុសឈ្មោះ គង់ ម៉ូនីកា បង្កើតបក្សឆន្ទៈខ្មែរមុនគេ ក្នុងចំណោមអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ(CNRP) បានចេញមកការពារទាំងកូនខ្លួន និងអ្នកផ្សេង ដោយបានវាយបកទៅ លោក សម រង្ស៊ីវិញថា គឺជាពូជក្បត់ជាតិ ដែលបំរើឲ្យយួន សេរី ឈ្មោះ កុក ស ។

លោក សម រង្ស៊ី ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅទីក្រុងម៉ុងរេអាល់ ខេត្តកេប៊ិក ប្រទេសកាណាដា កាលពីថ្ងៃ១៨១៩ កញ្ញា បានថ្លែងថា អ្នកចេញទៅបង្កើតបក្សថ្មី ជាបន្តបន្ទាប់ គឺមិនមែនជាពូជស្នេហាជាតិទេ តែអាចចេញទៅជាបន្លាយួនទៅវិញ។

ឃើញបែបនេះ លោក គង់ គាំ បច្ចុប្បន្ន ជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានថ្លែងថា “តើសមហេតុផលដែរទេ បើតប សម រង្ស៊ី ដែលថា បណ្តាគណបក្សបែកចេញពីអតីតCNRP ជាពូជមិនស្នេហាជាតិ និងជាបន្លាយួន នៅពេលដែលខ្លួនជាពូជក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ បំរើគំនិតពួកយួនសេរី(កុក ស) និងមហាអំណាច/សម្ព័ន្ធមិត្តខ្លះ ដែលដាក់សម្ពាធ ចង់បង្កចលាចលតាមសេណារីយ៉ូ៦ ដូចនៅហុងកុង/ ថៃ/ និងនៅភូមា នោះ” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតបក្សចំនួន៦ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និងគណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ) ៕

To Top
×