ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យពិចារណាថា គួរផ្អាកបុណ្យកាន់បិណ្ឌ និងភ្ជុំ បើមិនផ្អាកត្រូវកាត់បន្ថយមនុស្ស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ក្រសួង សុខាភិបាល ធ្វើការពិចារណា តើគួរផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយ ក្រោយពីមានវត្តមួយ ចំនួនឆ្លងជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋពីគ្រប់ទីកន្លែង ចូលទៅកាន់វត្តអារាម ស្របពេលមានវត្តមានវីរុស ដែលតា ចូលមកដល់ដែលសភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរផ្អាកពិធីបុណ្យភ្ជុំបិ ណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ ប្រសិនបើទុកទៅឲ្យតាមរបៀបដែលយើងបាននិងកំពុងដំណើរការនេះ ខ្ញុំគិតថា ទោះបីយើងស្រោចវ៉ាក់សាំងយ៉ាងណាក៏ដោយ ទោះបីយើងធ្វើយ៉ាងណាក៏ដោយ យើងមិនជៀសផុសនូវការជួបជុំតាមវត្ត ហើយជាប្រភពនៃការចម្លងដ៏គ្រោះថ្នាក់បំផុត»។

សម្ដេចតេជោ ស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងធម៌ការ និងសាសនា និងពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យបញ្ហាខាងលើនេះដោយត្រឹមត្រូវបំផុត ហើយជំងឺកូវីដ-១៩ អាចងើបឡើងវិញនៅពេលរដូវភ្ជុំបិណ្ឌនេះតែម្ដង។ ដូច្នេះ ត្រូវគ្រប់គ្រងបញ្ហាទាំងនេះឲ្យបាន ខណៈ សម្ដេច មានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងចំនួនមនុស្សស្លាប់ អាចមានការកើនឡើង ដែលបង្កហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។

សម្ដេចតេជោ បានបន្ដថា បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឲ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។ សម្តេច សូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ចំពោះមុខស្ថានភាពដ៏លំបាករបស់សង្គមជាតិនាពេលនេះ។ សម្តេច រំពឹងថា ក្រោយពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះទៅ នឹងមានមហន្តរាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះតែជំងឺកូវីដ១៩។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា នៅតាមជនបទមានការឆ្លងជំងឺកូវីដ-១៩ ច្រើន ដែលអាចឈានបំផ្លាញការបិទសាលា រៀន ព្រោះថា អ្នកទីក្រុងទៅលេងជនបទច្រើន ដូច្នេះ ឆ្លងពីតំបន់មួយ ទៅតំបន់មួយទៀត ដោយគ្មានការទប់ស្កាត់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top