នយោបាយ

ខួប ២៨ឆ្នាំ ! សម្ដេចតេជោ ៖ ចំណុចសំខាន់ៗ ចែងក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជា ត្រូវគោរពដាច់ខាត នូវរបបរាជា និយម (Video)

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប ២៨ឆ្នាំ នៃទិវា ប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំណុចសំខាន់ៗបំផុត ដែលចែងក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាត នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ដេីមចេញពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារ ពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។

សម្ដេចតេជោ បានបន្ដថា ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

សម្ដេចតេជោ រៀបរាប់ថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ បានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ។

សម្ដេចតេជោ បានបញ្ជាក់ថា «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណា ចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ ចំណុចសំខាន់ៗ បំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជា ត្រូវគោរពដាច់ខាត នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស»។

សម្ដេចតេជោ បានបន្ថែមថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័ត នូវសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្កិភាព ដើម្បីប្រទេសជាតិកាន់តែរីក ចម្រើនរុងរឿងឆ្ពោះទៅមុខ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×