Covid-19

លោក ពេជ្រ ស្រស់៖ រាជរដ្ឋាភិបាលផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺទទួលខុសត្រូវលើ ជីវិតពលរដ្ឋខ្មែរជាង ១៦លាននាក់ (Video)

ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃ២៤ កញ្ញា បានចូលរួមសាទរ ដោយលោកថា នេះជាការទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ។

ជាមួយគ្នានេះ លោកសុំផ្តល់យោបល់ថា បើសិនពលរដ្ឋចង់ធ្វើបុណ្យ ឧទ្ទិសបុណ្យកុសល ជូនដល់ដូនតាអាចនិមន្តព្រះសង្ឃ មួយគ្រួសារតែមួយអង្គបានហើយ ដើម្បីធ្វើពិធីបង្សុកូលនៅផ្ទះ ប៉ុន្តែទាំងព្រះសង្ឃ និងសមាជិកគ្រួសារត្រូវតែ តេស្តរកមេរោគកូវីដជាមុនសិន ចាំធ្វើពិធី ហើយត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម និងអនាម័យ ប៉ុន្តែពិធីតាមផ្ទះនេះ អាចធ្វើទៅបាន លុះត្រាតែអាជ្ញាធរ រដ្ឋអំណាចអនុញ្ញាតផងដែរ ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃ២៣ កញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្រោយពីវត្តនាគវ័ន្ត និងវត្តចំពុះក្អែកមានករណី ឆ្លងជំងឺកូវីដជាច្រើនករណី ៕

To Top