ព័ត៌មានជាតិ

លោក កឹម សុខា ស្នើឲ្យជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា (Video)

ភ្នំពេញ ៖ ក្នុងទិវាអបអរសាទខួប២៨ឆ្នាំ(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៣ កញ្ញានេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិបានស្នើឲ្យរួមគ្នាការពាររដ្ឋធម្មនុញ្ញ និងមិនត្រូវរំលោភបំពានឡើយ ដោយត្រូវជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នានៅក្នុងសង្គម ។

បច្ចុប្បន្នឃើញថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលមាននិន្នការទៅរកលោក សម រង្ស៊ី និងលោក កឹម សុខា បានបើកការវាយប្រហារគ្នាទៅវិញទៅមក ដោយសារកាន់ជើងមេរៀងៗខ្លួន។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានលើកឡើងថា ត្រូវរួមគ្នា ការពារ គោរព និងអនុវត្តន៍ រដ្ឋធម្មនុញ្ញ តាមស្មារតីដើមដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ជាមូលដ្ឋាន។ ក្នុងនោះត្រូវរួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ ដោយកុំបំពានលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ កុំងាកចេញពីរគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយច្បាប់កំពូលរបស់។

លោកបន្តថា “ត្រូវរួមគ្នា ពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក លើកកម្ពស់គុណធម៌ និងសីលធម៌។ ជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់ និងមហន្តរាយដល់សង្គមជាតិ”។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាជាផ្លូវការ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស”។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១-អំណាចនីតិបញ្ញត្តិ , ២-នីតិប្រតិបត្តិ និង៣-តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×