ព័ត៌មានជាតិ

ក្រសួងសាធារណការ ស្នើអាជ្ញាធរគ្រប់គ្រងដីចំណីផ្លូវ នៅផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ

ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ នៅផ្លូវជាតិលេខ៥ ព្រោះរដ្ឋ ទិញពីប្រជាពលរដ្ឋទុកសម្រាប់បម្រើឲ្យប្រយោជន៍សាធារណៈ។

ក្នុងពិធីប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក តូច ចាន់កុសល បានថ្លែងថា ផ្លូវ គឺមានសារៈសំខាន់សម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ពិសេសវិស័យដឹកជញ្ជូន ដែលតម្លៃដឹកជញ្ជូននៅកម្ពុជា គឺថ្លៃជាងប្រទេសជិតខាង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែង រៀបចំកសាងផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងន័យកាត់បន្ថយតម្លៃដឹកជញ្ជូន ដើម្បីទាក់ទាញវិនិយោគចូលមកកម្ពុជា ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា «កំណាត់ផ្លូវជាតិលេខ៥ ដែលបានស្ថាបនារួចក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនម៉ៅការសាងសង់នឹងបន្តធ្វើការថែទាំរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃប្រគល់-ទទួល និងស្នើសុំ ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តទាំងពីរបន្ត និងចាត់វិធានការការពារថែរក្សា និងគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីប្រជាពលរដ្ឋ ទុកសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ក៏ដូចជាសម្រាប់ការអភិវឌ្ឍន៍ទៅថ្ងៃមុខ»។

លោកបន្ដថា ចំពោះឡានដឹកទំនិញធំៗ អាចបង្វែរចរាចរណ៍ពីការឆ្លងកាត់ទីរួមខេត្ត មកផ្លូវវាងក្រុងថ្មីនេះវិញ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជួយការពារបរិស្ថាន សុខភាពសាធារណៈ ក៏ដូចជាចំនេញពេលវេលា ក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះនៅទីរួមខេត្ត។

សូមបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុប ចំនួន៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលត្រូវចុះពិនិត្យប្រគល់-ទទួលនេះ គឺចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top