ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ២០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈដែលជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកជំនន់ ធ្លាក់មកពីប្រទេសថៃ ដែលបានធ្វើឱ្យខេត្តបន្ទាយមានជ័យ ពិសេសក្រុង-ស្រុក តាមបន្ទាត់ព្រំដែន ប្រឈមនឹងទឹកជំនន់ ក្នុងនោះស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក៏កំពុងប្រឈមនិងទឹកជំនន់ ។

នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍លើកឡើងថា គណកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយគ្រប់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើសកម្មភាពយ៉ាងល្អ ហើយទាំងកងកម្លាំងប្រដាប់អាវុធ ទាំងកងកម្លាំងរុករក របស់គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចជាស្រេចអស់ហើយ ទាំងសម្ភាសជួយសង្គ្រោះ ទាំងស្បៀងអារហារ។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា អាជ្ញាធរក៏បានជូនដំណឹង រួលរាល់ហើយដែរ ដល់បងប្អូនដែលរស់នៅតំបន់ប្រឈម និងទឹកជំនន់នេះ ឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចជាស្រេច ក្នុងនោះដែរអាជ្ញាធរ ក៏បានជម្លៀសពលរដ្ឋ ប្រមាណជាង២០០គ្រួសារ រួចហើយដែរទៅរកទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ ដោយបានដោះស្រាយជា ស្បៀងជូនពួកគាត់ផងដែរ ហើយអាជ្ញាធរខេត្ត ក៏នឹងកំពុងត្រៀមជម្លៀស ពលរដ្ឋដែលរងគ្រោះបន្តទៀត ទៅទីទួលសុវត្ថិភាព៕

To Top
×