ព័ត៌មានជាតិ

សម្តេចតេជោ៖ រក្សាជីវិតបាន មិនខ្វះពេល ធ្វើបុណ្យនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារពិសេស នៅព្រឹកថ្ងៃ២៥ កញ្ញាទៅជនរួមជាតិ សូមការយោគយល់ចំពោះ ការសម្រេចផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសផ្ញើសារនេះ សម្តេចសង្កត់ធ្ងន់ថា “រក្សាជីវិតបាន មិនខ្វះពេលធ្វើ បុណ្យនោះឡើយ” ។

សម្តេចមានប្រសាសន៍ ថា​ “វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ វ៉ាក់សាំង គ្រាន់តែកាន់បន្ថយ នៃការឆ្លង និងកាត់បន្ថយអ្នកដែលឆ្លងរួចហើយ កាត់បន្ថយមិនឲ្យមានការវិវត្តទៅរកភាពធ្ងន់ធ្ងរ នៃជំងឺ និងកាត់បន្ថយនៃការស្លាប់តែប៉ុណ្ណោះ​ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក ដែល យើងច្រើននិយាយថា ៣ការពារនិង៣កុំ”​។

សម្តេចសង្កត់ធ្ងន់ថា  “ចំណុចនេះ គឺជាចំណុច ដើម្បីរក្សានូវជីវិតរបស់ប្រជាជន រក្សានូវសុខភាពរបស់ ប្រជាជន ដូច្នេះហើយ បើសិនជាយើងរក្សាបានជីវិត យើងនៅមានឱកាស ធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត សម្រាប់អ្នកដែលមានវ័យក្មេង និងរាប់ឆ្នាំតទៅទៀត សម្រាប់អ្នកដែលមានវ័យចំណាស់ ដូច្នេះ វាមិនមែនជាការងាយស្រួល សម្រាប់ការសម្រេចចិត្តមួយ ដែលត្រូវធ្វើបែបនេះ​នោះទេ”។

ជាមួយគ្នានេះ សម្តេចតេជោ បង្ហាញការសោកស្តាយ ដែលថ្ងៃនេះជាថ្ងៃបិនទី៤ ដែលពលរដ្ឋមិនបានប្រារព្ធនូវពិធីក្នុងការកាន់បិណ្ឌ​ឆ្ពោះទៅភ្ជុំ ។

សម្តេចបានរំលឹកថា កាលពីឆ្នាំ២០២០ បានផ្អាកនៃការចូលឆ្នាំ ហើយឥឡូវផ្អាកភ្ជុំបិណ្ឌទៀត។

នាយករដ្ឋមន្រ្តីស្នើសុំការ យោគយល់ដល់ពលរដ្ឋចង់ធ្វើបុណ្យធ្វើទាន ក៏ប៉ុន្តែសភាពការណ៍ឆ្នាំ២០២១នេះ ធ្វើឲ្យខកខាន។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ព្រឹត្តិការណ៍២០កុម្ភៈ​ឆ្នាំ២០២១ បានធ្វើឲ្យយើង មានមនុស្សជាង១០ម៉ឺននាក់ បានឆ្លង ហើយក៏មានមនុស្សជាង២ពាន់នាក់រួចទៅហើយដែលបានស្លាប់ នេះជារឿងដ៏អណោចអធមមួយ សម្រាប់ប្រជាពលរដ្ឋរបស់យើង ។ នៅក្នុងពេលជំងឺរាតត្បាតនេះ ខ្ញុំព្រះករុណាខ្ញុំបែរជាបង្កើតកំហុស ដោយយោគយល់ទៅលើសភាពការណ៍ ដែលឃើញថាមានការស្រុះចុះបន្តិច នៃជំងឺកូវីដនេះ យើងក៏បានចាប់ផ្តើម ឲ្យមានការធ្វើបុណ្យធ្វើទានទៅតាមទម្លៀមទម្លាប់ឡើងវិញ ក៏ប៉ុន្តែត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ចំនួនដែលឆ្លងនៅតាម ទីអារាម មួយចំនួន គឺបានកើតឡើង ធ្វើឲ្យចំនួនអ្នកឆ្លង ដែលមានត្រឹមតែ​៤០០ ៥០០នាក់ ៦០០នាក់បន្តិច កើនលើស៨០០នាក់ និងចំនួនអ្នកស្លាប់ឡើងដល់ជាង២០ ក្នុងដំណាក់កាលចុងក្រោយនេះ “៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top