Covid-19

ប្រមុខការទូតកម្ពុជា មានសុទិដ្ឋិនិយមថា អាស៊ាន-អាមេរិក នឹងបញ្ចប់កូវីដ១៩ ឆាប់ៗនេះ ដើម្បីអាចផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ កញ្ញា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានសម្ដែងសុទិដ្ឋិនិយមថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញ នូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៤ កញ្ញា បានឲ្យដឹងបន្តថា ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្ត្រីអាស៊ាន-អាមេរិក បាន ពិភាក្សាអំពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទំនាក់ទំនងអាស៊ាន-ស.រ.អា និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម ក្នុងនោះរួមកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាឆ្លងកាត់ ព្រំដែន ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដ៏ធំធេងរបស់ជំងឺនេះ និងធានាការស្តារសេដ្ឋកិច្ច ឡើងវិញឱ្យរឹងមាំ។ អាស៊ានបានសម្តែងការកោតសរសើរ ដល់ការប្តេជ្ញារបស់អាមេរិក ចំពោះសកម្មភាពគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកការបញ្ចប់ ជំងឺរាតត្បាតសកល ក៏ដូចជាការផ្តល់វ៉ាក់សាំងចំនួនជាង ២៣លានដូស និងទឹកប្រាក់ជិត ១៦០លានដុល្លារ ក្នុងក្របខ័ណ្ឌជំនួយសម្រាប់ សង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់ប្រទេស ជាសមាជិកអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់អាស៊ានក្នុងការអភិវឌ្ឍ ប្រព័ន្ធសម្របសម្រួលភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈអាស៊ាន។

អាស៊ាន និងអាមេរិក បានចែករំលែកទស្សនៈថា វ៉ាក់សាំងមិនគួរយកមកធ្វើជា ឧបករណ៍នយោបាយ និងសារៈសំខាន់នៃលើកកម្ពស់ សមភាពក្នុងការទទួលបានវ៉ាក់សាំង និងការចាក់វ៉ាក់សាំងដល់ប្រជាជន ជុំវិញពិភពលោកឲ្យ បានឆាប់រហ័សបំផុត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់អាមេរិក ចំពោះការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។

ប្រមុខការទូតកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា «អាស៊ាន និងអាមេរិក នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញ នូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងអាមេរិក ព្រមទាំងជាមួយ នឹងប្រទេសនានាក្នុងសកលលោកផងដែរ» ។

ចំពោះបញ្ហាតំបន់ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកការព្រួយបារម្ភ អំពីផលអវិជ្ជមានដែលបណ្តាលមកពី ភាពស្មុគស្មាញដែលកំពុងតែ កើនឡើង និងភាពធ្ងន់ធ្ងរនៃការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ ៕

To Top