ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ខេត្តបន្ទាយមានជ័យ កំពុងគំរាមគំហែងខ្លាំង និងបង្កការជន់លិចផ្ទះ សម្បែង ពលរដ្ឋជាង ៣០០គ្រួសារ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីជំនន់ទឹកភ្លៀង នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ក្នុងពេលស្ថានភាព ទឹកជំនន់ ដែលកំពុងគំរាមគំហែង តាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់ លិចផ្ទះសម្បែង ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋ ដែលរងគ្រោះ ។

ក្នុងនោះដែរក៏បានរៀបចំ ទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណះកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ ,តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ,កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាព ដ៏លំបាកនេះ បើទោះបីជាកងកម្លាំង មួយចំនួន កំពុងទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ កម្លាំងអន្តរាគមន៍ បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋ ដែលកំពុង រងគ្រោះដោយទឹកជំនន់ មិនអោយប្រជាពលរដ្ឋ ជួបការលំបាកឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top