ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ អ្នកឆ្លងកូវីដ កើនឡើងប៉ុន្មានថ្ងៃនេះ ដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការ សុខាភិបាលត្រឹមត្រូវ (Viedo)

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានការកើនឡើង ដោយសារបញ្ហាជាច្រើន ជាពិសេស បុគ្គលមួយចំនួន មិនអនុវត្តវិធានការ សុខាភិបាលឲ្យត្រឹមត្រូវឡើយ។

ការលើកឡើងរបស់លោកស្រី បន្ទាប់ពីប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា កើនដល់ ជាង៨០០នាក់ជាប់ៗគ្នា ។

ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បុគ្គលគ្រប់រូបត្រូវមានការ ទទួលខុសត្រូវ ចំពោះការអនុវត្តវិធានការ សុខាភិបាល កុំឲ្យចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នកើន ឡើងខ្លាំង ។

លោកស្រីបញ្ជាក់ថា «នេះជាក្ដីបារម្ភមួយរបស់យើង នៅពេលយើងគ្រប់គ្រងករណីឆ្លង ហើយការងារ ចាក់វ៉ាក់សាំងរបស់យើង បានស្រោចទូទាំងប្រទេស បានអត្រាគួរជាទីមោទនៈ ។ ក៏ប៉ុន្ដែយើងសង្កេតឃើញថា មានការហោះឡើង នូវចំនួនអ្នកឆ្លងកូវីដ-១៩ កន្លែងហ្នឹងមានសំណួរជាច្រើនថា តើមូលហេតុអ្វី? ខ្ញុំយល់ថា សំណួរគួរតែចោទសួរបុគ្គលនីមួយៗ ពីព្រោះពាក់ព័ន្ធទៅនឹងអនុវត្ត នូវវិធានការ ការពារ តើបុគ្គលម្នាក់ៗ គាត់បានចូលរួមអនុវត្តនូវវិធានការ ការពារនេះ បានត្រឹមត្រូវដែរឬទេ?»។

លោកស្រីថា ប៉ុន្មានថ្ងៃមុន ពលរដ្ឋរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដូច្នេះការរៀបចំពិធីបុណ្យនេះ បានបង្កើនកំណើនចរាចរណ៍ ឬចល័តរបស់ពលរដ្ឋទៅវិញ ទៅមក គ្រប់ទិសទីដើម្បី ទិញម្ហូបរៀបចំប្រគេនសង្ឃ ហើយក៏ជាមូលហេតុ នៃការចម្លងកូវីដ-១៩ នៅពេលបុគ្គលមួយចំនួន មិនអនុវត្តវិធានការ ការពារ មិនត្រឹមត្រូវ។

លោកស្រី ឱ វណ្ណឌីន បន្ដថា បច្ចប្បន្ន នៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន មានពលរដ្ឋធ្វើចរាចរណ៍យ៉ាងច្រើន ក៏ធ្វើឲ្យលទ្ធភាពកូវីដ-១៩ មានឱកាសចល័តពីកន្លែងមួយ ទៅកន្លែងមួយទៀត ចំណុចនេះធ្វើឲ្យមានការហោះឡើងបែបនេះ។ លោកស្រីថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ភាគច្រើន គឺនៅកន្លែងជួបជុំគ្នាដែលមានមនុស្សច្រើន ។

នាឱកាសនោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានលើកឡើងថា ក្រសួងបានបិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងបានចំនួន១៦ ខេត្តហើយ នៅសល់៥ខេត្តទៀត រួមមាន ៖ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំង បិទជាបន្ដបន្ទាប់ទៀត ផងដែរ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៩,៩២៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០១,១៨៥នាក់ និង អ្នកស្លាប់ ចំនួន២,២៦១នាក់៕

To Top