ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ កញ្ញា ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាជន ប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ ហើយលិចស្រូវប្រមាណ ៥,០០០ហិកតា ព្រមទាំង ដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា ។ នេះបើយោងតាមសារ តេឡក្រាមរបស់ គ.ជ.គ.ម.។
ក្នុងបេសកកម្ម ដើម្បីពិនិត្យ ស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា «ផលប៉ះពាល់សរុប (បឋម) ដែលបង្ក ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន ៖ ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់, ប៉ះពាល់ប្រជាជន ប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ, លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំ រួមផ្សំប្រមាណ ៣០៩ហិកតា»។
លោកបន្ដថា ប្រជាជនកំពុងស្នាក់នៅ ទួលសុវត្ថិភាព បានទទួលស្បៀង សង្គ្រោះបន្ទាន់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់ចំនួន ។ លោក ក៏សោកស្តាយជាមួយប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់នេះ ។ លោកអំពាវ ដល់ប្រជាពលរដ្ឋប្រុង ប្រយ័ត្នឲ្យបានខ្ពស់ ចំពោះហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ និងជាពិសេសកងកម្លាំង ត្រូវត្រៀមខ្លួនជួយពលរដ្ឋ ឲ្យទាន់ពេលវេលា ៕