Covid-19

សម្ដេចតេជោ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូសនេះ រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅឡាវ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អំណោយវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២០០,០០០ដូសនេះ ដើម្បីរួចចំណែក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។

ក្នុងសារលិខិតផ្ញើជូន លោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃប្រទេសឡាវ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា អស់ពេលជិតពីរឆ្នាំមកហើយ ដែលប្រទេសនានាជុំវិញពិភពលោក នៅតែត្រូវតស៊ូទប់ទល់នឹង ការផ្ទុះឡើងវិញនៃជំងឺរកូវីដ-១៩ ដែលបានបន្តបង្កការ លំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀត ដល់សុខុមាលភាពរបស់ប្រជាជន ។ កម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ មានការឆ្លងជំងឺកូវីដ-១៩បំលែងថ្មីយ៉ាងឆាប់រហ័ស ក្នុងសហគមន៍។

សម្ដេចតេជោបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូន រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែង របស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ»។

សូមរំលឹកថា វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ចំនួន២០ម៉ឺនដូស ដែលជាអំណោយ របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាជន និងរដ្ឋាភិបាលឡាវរួចរាល់ហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៕

To Top